(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះមកពិនិត្យសុខភាព និងចែកមុងជ្រលក់ថ្នាំ ថ្នាំពេទ្យ សៀវភៅអប់រំសុខភាព ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្ដកំពង់កំចាម។ ការចុះសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួម ពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមផងដែរ។
រដ្ឋមន្រី្ដ ម៉ម ប៊ុនហេង បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់។ សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើមានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកឲ្យបានទាន់ពេលវេលា ។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «យើងខ្ញុំសូមចូលរួមការសោកស្តាយជាខ្លាំង នូវផលប៉ះពាល់ទាំងឡាយ ដែលបង្កឡើងគ្រោះធម្មជាតិ មកលើបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ តែអ្វីដែលបងប្អូនត្រូវអនុវត្តបន្តនោះ គឺអនាម័យ រស់នៅស្អាត ហូបស្អាត បរិស្ថានស្អាត ត្រូវគេងនៅក្នុងមុង កុំឲ្យមានជំងឺគ្រុនឈាម និងជំងឺផ្សេងៗទៀតឆ្លងដោយសារមូស ទាំងម្ដាយឪពុក និងកូនៗ។ ហើយថ្ងៃនេះយើងក៏បាននាំមកនូវថ្នាំក្លរ៉ាមីន ដែលជាថ្នាំសម្លាប់មេរោគ ដើម្បីលាយជាមួយទឹក សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរ»។
ទន្ទឹមនឹងនោះលោក គួច ចំរើន ក៏បានថ្លែងឲ្យដឹងថា «ចំពោះស្ថានភាពទឹកជំនន់ ក្នុងឆ្នាំ២០១៨ ដោយគិតមកដល់ថ្ងៃនេះ កម្ពស់ទឹកជំនន់បានកើនឡើងខ្ពស់បំផុត រហូតដល់ទៅ១៥.៣៦ម៉ែត្រទៅហើយ។ តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ទឹកនៅខេត្ដស្ទឹងត្រែង បានស្រកទៅវិញ ដែលយើងមានសង្ឃឹមថា ប្រហែលជានៅកំពង់ចាមរបស់យើង អាចនឹងស្រកចុះវិញ ដែលនេះដំណឹងល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋយើង អាចប្រកបមុខរបររបស់ខ្លួនឡើងវិញផងដែរ»។
លោកបញ្ជាក់ទៀតថា ក្នុងរយៈពេលដែលរងដោយទឹកជំនន់នេះ ប្រជាពលរដ្ឋទូទាំងខេត្ដកំពង់ចាមរបស់យើង បានរងគ្រោះដោយការលង់ទឹកស្លាប់ប្រមាណជា១៤នាក់ហើយ និងបានរងគ្រោះដោយសារពស់ចឹក រហូតដល់ទៅ៤២នាក់ ដូចនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នគ្រប់គ្រងមើលថែកុមារ ចាស់ជរា ជនពិការរបស់យើង ពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសនេះ។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យព្យាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានផ្ដល់នូវថ្នាំបង្ការ គ្រប់មុខ មានកញ្ជ្រិល ស្អូច តេតាណុស និងវីតាមីនអា ដល់កុមារក្រោម៥ឆ្នាំចំនួន១៦០នាក់ និងសៀវភៅអប់រំសុខភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង៣៥០គ្រួសារផងដែរ ។ នេះជាលើកទី៥ហើយ ដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានចុះមកសួរសុខទុក្ខ និងចែកមុងជ្រលក់ថ្នាំដោយផ្ទាល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្រៅពីចាត់ឲ្យគ្រប់មន្ទីរពេទ្យ ចុះដាក់ទីតាំងសម្រាប់ពិនិត្យព្យាលបាលជាប្រចាំនៅតាមទីទួលមានសុវត្ថិភាព ដែប្រជាពលរស់នៅ ។
ក្នុងឱកាសប្រជាពលរដ្ឋ ក៏បានសម្ដែងនូវការសប្បាយចិត្ដយ៉ាងខ្លាំងចំពោះការយកចិត្ដទុក្ខដាក់ខ្ពស់ ពីសំណាក់រាជារដ្ឋាភិបាល មន្រី្ដអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានគិតគូគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលជួបផលលំបាក ពិសេសការផ្ដល់នូវអំណោយជាបន្ដបន្ទាប់ បានទាន់ពេលវេលា ៕