(ភ្នំពេញ)៖ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ធ្លាក់ត្រឹមវគ្គ ៨នាក់ចុងក្រោយនៃព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំកីឡា និងប្រជាពលរដ្ឋកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ឱកាសរបស់ម្ចាស់មេដាយមាស Asian Games 2014 រូបនេះ។ ប៉ុន្ដែយ៉ាងណាមិញ កម្ពុជាមិនអស់សង្ឃឹមក្នុងការប្រជែងមេដាយនោះទេ ព្រោះក្រៅពីតេក្វាន់ដូ នៅមានអត្តពលិក ៣ប្រភេទកីឡាទៀត ដែលកម្ពុជារំពឹងឈ្នះមេដាយ គឺកីឡាជឺជិតស៊ូ ម៉ូតូទឹក និងកីឡាសូហ្វតេន្នីស។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិក ១៣ប្រភេទកីឡា ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ប៉ុន្ដែក្នុងនោះមានកីឡា ៤ប្រភេទ ដែលថ្នាក់ដឹកនាំកីឡាកម្ពុជា រំពឹងដណ្ដើមមេដាយមាសជូនជាតិ រួមមានកីឡាតេក្វាន់ដូ និងកីឡា ៣ប្រភេទខាងលើ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុនលោកដឹកនាំប្រតិភូ និងអត្តពលិកម្ពុជា ចេញទៅប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ីកាលពីពេលថ្មីៗ។

ចំពោះកីឡាជឺជិតស៊ូ នឹងចេញដំណើរពីកម្ពុជា នៅថ្ងៃទី២២ ខែសីហាស្អែកនេះ ដោយមានកីឡាករ ២នាក់ គឺកីឡាករ ខាន់ ចេសា និងកីឡាករ ខូវ វិបត្តិថានា ហើយតាមគម្រោងពួកគេ នឹងចាប់ផ្ដើមយុទ្ធនាការប្រកួត នៅថ្ងៃទី២៤-២៦ ខែសីហាខាងមុខ។ ជឺជិតស៊ូ គឺជាកីឡាថ្មី ប៉ុន្ដែកីឡាករទាំង ២រូប សុទ្ធតែមានបទពិសោធន៍ប្រកួតលក្ខណៈអន្ដរជាតិ និងពិភពលោក ហើយទទួលបានលទ្ធផលល្អប្រសើរទៀតផង។ កីឡាករ ខូវ វិបត្តិថានា បានបង្ហាញការជឿជាក់ថា ខ្លួនរំពឹងនឹងដណ្ដើមបានមេដាយជូនជាតិ តែមិនដឹងមេដាយអ្វីនោះទេ។

កីឡាម៉ូតូទឹក នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតនៅថ្ងៃទី២២ ខែសីហាស្អែក ជាមួយបេក្ខភាពកីឡាករ ២រូប គឺ ម៉ឺន មូសស្ដាន និង សាលី អ៊ូមើត។ ម៉ូតូទឹក ក៏ជាប្រភេទកីឡាថ្មីដែរ ប៉ុន្ដែជាកីឡាមានសក្ដានុពល ដោយធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិជាច្រើន ជាក់ស្ដែងឆ្នាំ២០១៧ កីឡាករ ម៉ឺន មូសស្ដាន ធ្លាប់ដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងពានរង្វាន់ស្ដេចថៃ ដែលជាព្រឹត្តិការណ៍កម្រិតពិភពលោក និងមានជាង ៤០ប្រទេសចូលរួម។ រីឯ អ៊ូមើត ក៏ដណ្ដើមបានមេដាយមិនតិចដែរ ក្រោយចូលប្រលូកអាជីពកីឡាលើទឹកកាលពីឆ្នាំ២០០៩។ ដូច្នេះទើបថ្នាក់ដឹកនាំមានការជឿជាក់លើពួកគេ។

ឯកីឡាសូហ្វតេន្នីស បានកកើតសហព័ន្ធនៅកម្ពុជាក្នុងឆ្នាំ២០១៤ ប៉ុន្ដែក្នុងពេលដ៏ខ្លី ពួកគេបានធ្វើឲ្យអន្ដរជាតិភ្ញាក់ផ្អើល ក្រោយដណ្ដើមមេដាយអន្ដរជាតិជាបន្ដបន្ទាប់ រហូតទទួលបានចំណាត់ថ្នាក់លេខ៩ ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ ចំពោះបេសកកម្មចូលរួម Asian Games ឆ្នាំ២០១៨នេះ សូហ្វតេន្នីស បានបញ្ជូនកីឡាករ ៥នាក់ និងកីឡាការិនី ២នាក់ទៅចូលរួម ហើយកីឡាករ-កីឡាការិនីមួយចំនួនធំ សុទ្ធតែរំពឹងឈ្នះមេដាយ។ ហេតុនេះថ្នាក់ដឹកនាំកម្ពុជាសង្ឃឹមថា ពួកគេនឹងបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រដណ្ដើមមេដាយជូនជាតិ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី អស់ឱកាសរួចមក។

ដោយឡែកកីឡាមួយចំនួនទៀត ដូចជាកីឡាតេក្វាន់ដូ ហែលទឹក ចំបាប់ គុនដាវ និងកីឡាកាយសម្ព័ន្ធ គឺបានធ្លាក់ជាបន្ដបន្ទាប់ ពោលគឺគិតត្រឹមរសៀលថ្ងៃទី២១ ខែសីហានេះ កម្ពុជានៅមិនទាន់រកបានមេដាយអ្វីនោះទេ ស្របពេលកីឡាការ៉ាតេដូ យូដូ ទូកក្ដោង ទូកកានូ និងអត្តពលកម្ម មិនទាន់បានធ្វើការប្រកួតនោះទេ ហើយគ្រោងចេញដំណើរពីកម្ពុជា តាមកម្មវិធីប្រកួតរៀងៗខ្លួនជាបន្ដបន្ទាប់ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៧ ខែសីហាខាងមុខ គ្រាដែលព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្ដងនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨៕