(ភ្នំពេញ)៖ ការស្ទះលូដោយសារសំរាមក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហាចោទសម្រាប់អាជ្ញាធរ ដើម្បីដោះស្រាយ។ នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ លូបង្ហូរទឹកកន្លែងខ្លះ បានស្ទះទឹកហូរមិនទាន់ ដោយសារតែសំរាមជាច្រើនហូរចូលក្នុងលូ។
ពាក់ព័ន្ធនឹងសំរាមធ្លាក់ចូលលូ បណ្តាលឲ្យស្ទះទឹកហូរមិនបាននេះដែរ, នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនូវប្រយោគមួយឃ្លា នៅលើទំព័រ Facebook ផ្លូវការរបស់លោក អមដោយរូបភាពបុរសម្នាក់កំពុងចុះស្តារលូ ដែលពោរពេញដោយសំរាម។ ពាក្យពេចន៍មួយឃ្លារបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ សរសេរនេះ បើអ្នកដែលចូលចិត្តបោះសំរាមចោល ពាសវាលពាសកាល បានអានប្រហែលជាឈឺចិត្តស្អិតទ្រូង។
លោក ខៀវ កាញារីទ្ធ បានបង្ហោះរូបភាពស្តារបុរសចុះស្តារលូ និងសរសេរពាក្យពេចន៍យ៉ាងដូច្នេះថា «ទៅខ្វល់អីសំរាម ខ្វល់តែអ្នកកាយតើ! តែបើស្ទះលិចវិញ ជេរកប់មាត់។ ពង្រាយកាន់តែច្រើន ជេរកាន់តែឮ»។
សូមជម្រាបថា ជំនន់ទឹកភ្លៀងលិចក្រុងភ្នំពេញ ស្ថិតក្នុងក្តីកង្វល់យ៉ាងខ្លាំងរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល ហើយដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរបាន និងកំពុងសាងសង់ប្រព័ន្ធលូបង្ហូរទឹកទំហំធំៗ និងបានសាងសង់ស្ថានីយបូមទឹករំដោះ ចេញពីទីក្រុងជាច្រើនកន្លែង។ ជារឿយៗឲ្យតែមានភ្លៀងធ្លាក់ម្តងៗ គេតែងឃើញមានសំរាមជាច្រើនកកស្ទះនៅមុខលូ ពិសេសនៅមុខស្ថានីយបូមទឹករំដោះចេញពីក្រុង។
ដោយបានឃើញពីបញ្ហានេះ អាជ្ញាធរតែងតែអំពាវនាវ សូមឲ្យប្រជាពលរដ្ឋធ្វើការទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងកុំចោលសំរាមពាសវាលពាសកាល ដែលនាំឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងបណ្តាលឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹកផងដែរ៕