(ភ្នំពេញ)៖ ប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះជាការបញ្ជាក់ឲ្យដឹងពីសំណាក់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មកកាន់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។

ប្រធានគណបក្សនយោបាយទាំងអស់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានកិត្តិយស មោទនៈភាព និងសេចក្ដីរីករាយ ក្នុងការមកចូលរួមក្នុងវេទិកានេះ ក្នុងបរិបទរួមគ្នាគិត រួមគ្នាធ្វើ។ ខ្ញុំសូមឯកភាព និងគាំទ្រនូវការផ្ដួចផ្ដើមរបស់សម្ដេចនេះ»

យ៉ាងណាក៏ដោយបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន់ បានឲ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំងនេះនៅឡើយតែប្រធានគណបក្សខ្មែរសាធារណៈរដ្ឋ លោក លន់ ឬទិ្ធ មិនទាន់គាំទ្រ ដោយសុំដកឃ្លាទៅពិគ្រោះយោបល់ជាមួយសហសេវិករបស់ខ្លួនសិន។

ប្រធានគណបក្សនយោបាយទាំងអស់ដែលចូលរួមកិច្ចពិគ្រោះយោបល់នេះ អាចនឹងតែងតាំង «ជាទីប្រឹក្សារាជរដ្ឋាភិបាល» ដើម្បីផ្ដល់ភាពងាយស្រួលរបស់ពួកគេ ចំពោះសកម្មភាពចុះទៅកាន់មូលដ្ឋាន ក្នុងការងារនយោបាយបក្សផ្ទាល់ខ្លួនរបស់ពួកគេតែម្ដង នេះបើតាមការអះអាងពីលោក ផៃ ស៊ីផាន់ ក្រោយពីកិច្ចពិគ្រោះយោបល់នេះបានបញ្ចប់ នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ថ្ងៃទី២១​ ខែសីហា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។

លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ»។

អ្នកនាំពាក្យរូបនេះ បានពន្យល់ថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នេះរួមមាន៖

*ភារកិច្ច

ទី១៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)
ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តិធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា
ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់ នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី
ទី៤៖ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។

*សមាសភាព និងយន្តការ

ទី១៖ សមាសភាព ដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទីប្រាំមួយ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី
ទី២៖ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើរដោយនាយករដ្ឋមន្រ្តី
ទី៣៖ ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បានគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀង បញ្ជីបោះឆ្នោត
ទី៤៖ ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ
ទី៥៖ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។

*កិច្ចដំណើរការ

ទី១៖ ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន
ទី២៖ ប្រជុំជាមួយនាយករដ្ឋមន្រ្តី០៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី
ទី៣៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕