(ភ្នំពេញ)៖ ហាងកាហ្វេល្បីឈ្មោះ «Amazon» បានបើកសាខារបស់ខ្លួនគម្រប់១០០ សាខាហើយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីហាងកាហ្វេនេះ បានទទួលការគាំទ្រយ៉ាខ្លាំងពីសំណាក់អតិថិជន គ្រប់ស្រទាប់វណ្ណៈ នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈអ្នកទទួលទានការហ្វេមានឈ្មោះល្បីៗ (ប្រេន) មានការកើនឡើងយ៉ាងគំហុក ហើយស្របពេលជាមួយនឹងការបើកសម្ពោធ គម្រប់១០០សាខានេះដែរ ហាងកាហ្វេ «Amazon» បានបង្ហាញមហិច្ឆតារបស់ខ្លួនថា នឹងមានគម្រោងពង្រីកឲ្យបាន ចំនួន២២០សាខា នៅឆ្នាំ២០២០ខាងមុខនេះ។
កម្មវិធីបើកសម្ពោធគម្រប់១០០ សាខា របស់ហាងការហ្វេ «Amazon» ត្រូវបានធ្វើឡើងនៅផ្សារទំនើប អេអនទី២ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដោយក្នុងនោះគេសង្កេតឃើញ មានការចូលរួមពីសំណាក់តារាខ្មែរ និងតារាមកពីប្រទេសថៃល្បីៗ ជាច្រើនដួង ព្រមទាំងអតិថិជន និងដៃគូជំនួញជាច្រើននាក់ផងដែរ។
លោក សុធន ឈូធៀន អគ្គនាយកក្រុមហ៊ុន PTT Cambodia Limited បានថ្លែងឲ្យដឹងថា «បច្ចុប្បន្នហាងកាហ្វេអាម៉ាហ្វូន មាននៅប្រទេសកម្ពុជា ទាំងអស់១០០សាខាហើយ ដោយបើកនៅក្នុងស្ថានីយប្រេង PTT ចំនួន៥០សាខា និងក្រៅស្ថានីយ PTT ៥០សាខា ដោយមានប្រជាជនកម្ពុជា ជាម្ចាស់ហាងសរុបទាំងអស់ ចំនួន៨៣សាខា និងផ្ដល់ការងារជូនប្រជាជនកម្ពុជា ចំនួន១២០០នាក់»។
លោកបន្តថា «ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ក្រុមហ៊ុនបានធ្វើការផ្ដល់ការផ្សងសំណាង ចំពោះអតិថិជន ដោយផ្ដល់នូវទូរស័ព្ទ IPhone X ចំនួន១០០គ្រឿង ដល់អតិថិជនដែលទិញកាហ្វេអាម៉ាហ្សូន រយៈពេល១០០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ»។
ដោយឡែក លោក Auttapol Rerkpiboon ប្រធានគណៈកម្មការក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន PTT ចំកាត់ បានថ្លែងថា «ប្រទេសកម្ពុជា ជាទីផ្សារសំខាន់របស់ PTT ហើយកាហ្វេអាម៉ាហ្សូន បានក្លាយជាទីពេញនិយមរបស់ ប្រជាជនកម្ពុជា ដែលបើកសាខាដំបូងនៅច្បារអំពៅ ក្នុងឆ្នាំ២០១៣ និងបានពង្រីកសាខាជាបន្ដបន្ទាប់ រហូតដល់ពេលនេះ គម្រប់ទី១០០ នឹងមានគម្រោងពង្រីកចំនួន២២០សាខា នៅឆ្នាំ២០២០ផងដែរ»។
លោកបន្តថា ការដំណើរការហាងកាហ្វេ «Amazon» នៅក្នុងប្រទេសកម្ពុជា គឺប្រៀបដូចជាកម្លាំងពន្លឿនមួយ ដែលអាចជួយឲ្យប្រេនកាហ្វេ «Amazon» ក្លាយទៅជា «Global Brand» បានដោយជោគជ័យ តាមរយៈការលក់ភេសជ្ជៈជាច្រើនប្រភេទ ជាពិសេសកាហ្វេសុទ្ធ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានបរិយាកាសស្រស់ស្រាយ តាមបែបធម្មជាតិ នៅជុំវិញហាងទាំងមួយ៕