(កំពង់ធំ)៖ បន្ទាប់ពីមានគណនី Facebook ឈ្មោះ អ៊ុំ សុភ័ក្រ្តា បានចោទប្រកាន់ដោយពុំមានមូលដ្ឋានច្បាស់លាស់ថា លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានស៊ីសំណូក ពុករលួយដោយមិនព្រមដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ លោកព្រះរាជអាជ្ញាបានប្រតិកម្មត្រឡប់ទៅវិញថា បើសិនលោកទទួលប្រាក់ស៊ីសំណូកតែមួយដុល្លារ លោកនឹងដើរចូលគុក ដោយខ្លួនឯង។
សូមបញ្ជាក់ថា ម្ចាស់ករណី Facebook អ៊ុំ សុភ័ក្រ្តា បានចោទប្រកាន់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ថា បានស៊ីសំណូកពុករលួយ ដោយមិនព្រមដោះស្រាយករណី គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីវេលាម៉ោង៦៖00នាទីព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារមានរថយន្ត១គ្រឿងម៉ាក Rave 4 ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2-I 8911 រួមដំណើរមានគ្នា០៣នាក់ រួមមាន៖ (ម្តាយបង្កើត) ម៉ម គឹមសាន, លោក អ៊ុំ សុភ័ក្រ្តា និងប្អូនស្រីឈ្មោះ អ៊ុំ បញ្ញា បានបើកបុករថយន្តសាំយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-8824 ខណៈកំពុងតែបើកឆ្លងថ្នល់ចំទ្វារជំហ៊ាង បានធ្វើឱ្យអ្នកនៅក្នុងរថយន្តរបួសស្រាល។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ ប្អូនស្រីឈ្មោះ អ៊ុំ បញ្ញា មានជំងឺមហារីកធ្ងន់ធ្ងរ ដោយមន្ទីរពេទ្យនៅភ្នំពេញ អស់លទ្ធភាពក្នុងការព្យាបាលទើបលោក លោក អ៊ុំ សុភ័ក្រ្តា បានសម្រេចដឹកប្អូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃទាំងយប់។ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង លោក អ៊ុំ សុភ័ក្រ្តា ក៏បានឱ្យបងប្អូនយកឡានមកពីភ្នំពេញ ដឹកជំនួសទៅព្រំដែនទាំងយប់ លុះដល់ព្រំដែនអាការៈអ្នកជំងឺចុះខ្សោយខ្លាំង ទើបបណ្តាលឱ្យដាច់ខ្យល់ស្លាប់តែម្តង។ តែដើម្បីឱ្យដឹងច្បាស់ ក៏គាត់ជំនះដឹកទៅដល់មន្ទីរពេទ្យខេត្តសុរិន្ទ តែត្រូវបានវេជ្ជបណ្ឌិតបញ្ជាក់ថា អ្នកជំងឺបានដាច់ខ្យល់ស្លាប់ មកយូរហើយដោយសារអាការៈកំរើកនៃជំងឺមហារីកធ្ងន់ធ្ងរ។
លោក អ៊ិត សុធា បានឱ្យដឹងថា ចំពោះរឿងគ្រោះថ្នាក់ចរាចរណ៍ លោកបានយកចិត្តទុកដាក់ដោះស្រាយតាមនីតិវិធី ហើយបានចេញដីការបង្គាប់ឱ្យតាមចាប់ខ្លួនតៃកុងឡាន ដែលពុំមានភាពទទួលខុសត្រូវ ប្រឈមនិងការដោះស្រាយ។ តែដោយសារម្ចាស់រថយន្ត ជាប្រជាពលរដ្ឋក្រីក្រ មានជីវភាពខ្វះខាត ក៏មានការយល់យោគ អធ្យាស្រ័យប្រគល់រថយន្តទៅម្ចាស់ជាបណ្តោះអាសន្ន យកទៅប្រកបមុខរបរចិញ្ចឹមជីវិត ពេលណាតុលាការត្រូវការ គាត់នឹងប្រគល់ជូនតុលាការវិញ។ ដោយឡែកការប្រគល់នេះ ក៏ឱ្យភាគីទាំងសងខាងទាំងរថយន្តសាំយ៉ុង និងរថយន្ត Rave4 ដឹងឮផងដែរ។
តែរហូតមកដល់ពេលនេះ លោក អ៊ុំ សុភ័ក្រ្តា អាយុ៣១ឆ្នាំ រស់នៅបច្ចុប្បន្នភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានកើតទុកមិនសុខចិត្ត ហើយបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា លោក អ៊ិត សុធា កំពុងតែប្រព្រឹត្តអំពើពុករលួយ ថែមទាំងមិនព្រមដោះស្រាយរឿងក្តីនោះឡើយ។
លោកព្រះរាជអាជ្ញាខេត្តកំពង់ធំ បានឆ្លើយតបទៅនឹងម្ចាស់អាខោនហ្វេសប៊ុកថា អ៊ុំ សុភ័ក្រ្តា ថា បើសិនជាលោកបានទទួលលុយតែមួយដុល្លារ ដូចការចោទប្រកាន់នោះ លោកនឹងដើរចូលគុក ដោយខ្លួនឯង៕
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ