(ភ្នំពេញ)៖ ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅពេលនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះជាការថ្លែងឲ្យដឹងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ។
នៅក្នុងកិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា ជាការចាប់ផ្តើមសម្តេចតេជោ បានលើកឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ «ការបោះឆ្នោត២០២២ នឹងមកដល់»។ ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ «ហើយមិនមែនជាផលប្រយោជន៍ របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផលនៃការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»។
អ្នកនាំពាក្យរូបនេះ បានពន្យល់ថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នេះរួមមាន៖
*ភារកិច្ច
ទី១៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)
ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តិធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា
ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់ នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី
ទី៤៖ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។
*សមាសភាព និងយន្តការ
ទី១៖ សមាសភាព ដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទីប្រាំមួយ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី
ទី២៖ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើរដោយនាយករដ្ឋមន្រ្តី
ទី៣៖ ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បានគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀង បញ្ជីបោះឆ្នោត
ទី៤៖ ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ
ទី៥៖ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។
*កិច្ចដំណើរការ
ទី១៖ ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន
ទី២៖ ប្រជុំជាមួយនាយករដ្ឋមន្រ្តី០៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី
ទី៣៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕