(ភ្នំពេញ)៖ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា នៅព្រឹកថ្ងៃចុងក្រោយ ត្រូវបានបញ្ចប់ហើយ ជាមួយបរិយាកាសល្អប្រសើរ មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង។
យ៉ាងណាមិញ បើតាមក្រសួងអប់រំ យុវជន និងកីឡា មានបេក្ខជនមួយចំនួន មានអាការៈមិនស្រូលខ្លួន ប៉ុន្ដែបេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយបានទទួលជំនួយសង្គ្រោះបឋម ពីក្រុម គ្រូពេទ្យប្រចាំការនៅតាមមណ្ឌល។
សូមរំលឹកថា ក្នុងដំណើរការសំណេរថ្ងៃដំបូង ពោលថ្ងៃទី២០ ខែសីហាម្សិលមិញ មានបេក្ខជនប្រឡងសរុប ចំនួន១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់ អវត្តមានសរុបចំនួន ១,៧៥២នាក់ ស្រី៧១០នាក់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន០៤ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃ ទាំង០៣ករណី និងនាំសំណៅឯកសារចូល ចំនួន០១ករណី។
ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ចំនួន៣២ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ករណីបេក្ខជនគ្រោះថ្នាក់ចរាចរណ៍ ចំនួន០១ករណី និងមាន០២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការប្រឡងបាន។
បុគ្គលិកអប់រំមានកំហុសឆ្គង០១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ មានភ្លៀងធ្លាក់ នៅមណ្ឌលមួយចំនួនស្ថិតនៅខេត្តកោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ៕