(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿង ឃាតកម្មប្រពន្ធដើម ជួលកូនធម៌ឲ្យសម្លាប់ប្តី ព្រោះខឹងរឿងមានស្រីមិនចូលផ្ទះ។ តុលាការបានសម្រេចផ្តន្ទាទោសប្រពន្ធ និងគូកនដែលជាកូនធម៌ដាក់គុកម្នាក់ៗ អស់មួយជីវិតតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។
លើសំណុំរឿងនេះ តំណាងអយ្យការ បានចោទប្រកាន់លើជនត្រូវចោទទី១៖ ឈ្មោះ សូ ផា ភេទប្រុស អាយុ២៩ឆ្នាំ ជាកូនធម៌របស់ជនរងគ្រោះ និងទី២៖ ឈ្មោះ សៅ សំអឿន ភេទស្រី អាយុ៤៦ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះពីបទ (ឃាតកម្មគិតទុកជាមុន) ដោយពួកគេបានរៀបចំផែនការ សម្លាប់ជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុស អាយុ៥០ឆ្នាំ កាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
ក្នុងកឡុងពេលសវនាការ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទឈ្មោះ សូ ផា បានសារភាពថា ជនជាប់ចោទឈ្មោះ សៅ សំអឿន ជាប្រពន្ធជនរងគ្រោះបានជួលខ្លួន ក្នុងតម្លៃ១ពាន់ដុល្លារ ឱ្យសម្លាប់ប្តី និងយកឡានយកឡានទៅផ្ទះវិញ ព្រោះខឹងជនរងគ្រោះ ឈ្មោះ កៅ ផា ជាប្តីយកឡានតូរីស ដែលឈ្មោះ សៅ សំអឿន ជាប្រពន្ធខំយកលុយ កូនធ្វើការនៅប្រទេសកូរ៉េ ចំនួន១២,០០០ដុល្លារទិញឱ្យរត់ បែរជាជនរងគ្រោះយកទៅរកស៊ីចិញ្ចឹមស្រី ចុះចោលប្រពន្ធកូន។
ដោយឡែកជនជាប់ចោទឈ្មោះ សៅ សំអឿន បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើដូចការលើកឡើងរបស់ឈ្មោះ សូ ផា មែនព្រោះតែខឹងប្តីមានស្រី។
គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនជាប់ចោទខាងលើ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីពលរដ្ឋបានប្រទះឃើញសាកសព ជនរងគ្រោះ ចងផ្អោបនឹងដុំថ្ម នៅក្នុងប្រលាយទឹកស្អុយចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦៕