(ភ្នំពេញ)៖ វីរកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games ឆ្នាំ២០១៤ នឹងបើកយុទ្ធនាការប្រកួតការពារតំណែងមេដាយមាសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាវេលាម៉ោង ៩ព្រឹកថ្ងៃទី២១ ខែសីហានេះហើយ ដោយត្រូវជួបប្រកួតបើកឆាកជាមួយកីឡាការិនីស្រីលង្កា Ranuri Wickramasinghe។
នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់ប្រជាជនកម្ពុជា ដែលទន្ទឹងចង់ដឹងលទ្ធផល ហើយលួចជូនពរគ្រប់ៗគ្នាដល់កញ្ញា ក្នុងការការពារមេដាយមាស ព្រោះ សៀវម៉ី គឺជាកីឡាការិនីឆ្នើមតែម្នាក់គត់ ដែលដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដងនេះជូនកម្ពុជា ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងទៅ។ សៀវម៉ី ត្រូវបានថ្នាក់ដឹកនាំកម្ពុជា ដាក់ការរំពឹងថា នឹងអាចរក្សាសមិទ្ធិផលខ្លួនធ្លាប់ធ្វើបាន ដើម្បីកិត្តិយសជាតិទាំងមូល។
ស៊ន សៀវម៉ី នឹងត្រូវប្រកួតជាមួយកីឡាការិនី Ranuri លើវិញ្ញាសាទម្ងន់លើ ៦៧គីឡូក្រាម ក្នុងវគ្គជម្រុះ ១៦នាក់ចុងក្រោយ ព្រោះវិញ្ញាសានេះមានកីឡាការិនីចូលរួមត្រឹម ១៦នាក់ប៉ុណ្ណោះ ។ ដូច្នេះបើសិនកីឡាការិនីណា ទទួលបានជ័យជម្នះ នឹងបានឡើងវគ្គបន្ដ ពោលគឺអាចជួបកីឡាការិនីអូបេគីស្ថាន ឬអ៊ីរ៉ង់ នៅវគ្គ ១/៤ ។ យ៉ាងណាមិញ បើមើលបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ សៀវម៉ី មានប្រៀបលើកីឡាការិនីស្រីលង្ការូបនេះ ព្រោះ Ranuri ទើបបានប្រកួតកម្រិតអាស៊ី ២ដងរួមទាំងលើកនេះប៉ុណ្ណោះ ខណៈលើកទី១ បានធ្លាក់ត្រឹមជុំដំបូង ក្នុងជើងឯកអាស៊ី ឆ្នាំ២០១៨ នៅវៀតណាម។
ដោយឡែកមើលពីប្រវត្តិរបស់ ស៊ន សៀវម៉ី ហាក់មានប្រៀបច្រើន ដោយក្រៅពីធ្លាប់ដណ្ដើមមេដាយមាសកម្រិតអាស៊ាន និងអាស៊ី មានសមិទ្ធិផលធំៗចំនួន ២ ដែលកញ្ញាបានបំបែកកំណត់ប្រវត្តិសាស្ដ្រជូនកម្ពុជា ទី១ គឺការដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ នៅកូរ៉េ ហើយ ២ឆ្នាំបន្ទាប់ សៀវម៉ី បានបង្កើតកំណត់ត្រាថ្មីមួយទៀត គឺការទទួលបានសិទ្ធិពេញលេញលើកដំបូង ដើម្បីចូលរួមកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល បន្ទាប់ពីដណ្ដើមបានមេដាយមាស ក្នុងវគ្គជម្រុះអូឡាំពិកប្រចាំតំបន់អាស៊ី នៅប្រទេសហ្វីលីពីន។
ប៉ុន្ដែវានៅតែជាការប្រកួតដ៏សំខាន់សម្រាប់ថ្ងៃស្អែក ដែលកញ្ញា ស៊ន សៀវម៉ី ត្រូវការជ័យជម្នះ ដើម្បីឡើងវគ្គបន្ដ។ ចំណែកកីឡាការិនីកម្ពុជាម្នាក់ទៀត គឺកញ្ញា ថិប កាន់សាន់ទ្រេនីកូល ក៏ត្រូវប្រកួតលើវិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាម វគ្គជម្រុះ ៣២នាក់ថ្ងៃនេះផងដែរ រួមទាំងអត្តពលិកកីឡា ៣ប្រភេទផ្សេងទៀត រួមមានកីឡាហែលទឹក៖ កីឡាករ ធឿន ថុល ប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរី, កីឡាគុនដាវ៖ កីឡាករ ជឹម ធារ៉ា ប្រកួតវិញ្ញាសា Foil Individual និងកីឡាកាយសម្ព័ន្ធ ចូលរួមប្រកួតដោយកីឡាករ ឈឿន សុខដែន៕