(ភ្នំពេញ)៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា ត្រូវចាប់ផ្ដើមបន្ដទៀតហើយ នៅវេលាម៉ោង០៧៖៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ដែលត្រូវនឹងថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃការប្រឡងថ្នាក់ជាតិដ៏ធំមួយនេះ។
បើតាមកាលវិភាគរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងនៅព្រឹកថ្ងៃទី២នេះ ថ្នាក់វិទ្យាសាស្ដ្រ ប្រឡងមុខវិជ្ជា អក្សរសាស្ដ្រខ្មែរ និងរូបវិទ្យា ដោយឡែកថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងមុខវិជ្ជា គណិតវិទ្យា និងសីលធម៌ ពលរដ្ឋ។
សូមជម្រាបថា នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ក្រសួងអប់រំ តាមរយៈទំព័រ Facebook ផ្លូវការ បានបញ្ជាក់ថា បេក្ខជនបានគោរពបទប្បញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
ក្នុងដំណើរការសំណេរថ្ងៃដំបូង ពោលថ្ងៃទី២០ ខែសីហាម្សិលមិញ មានបេក្ខជនប្រឡងសរុប ចំនួន១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់ អវត្តមានសរុបចំនួន ១,៧៥២នាក់ ស្រី៧១០នាក់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន០៤ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃ ទាំង០៣ករណី និងនាំសំណៅឯកសារចូល ចំនួន០១ករណី។
ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ចំនួន៣២ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ករណីបេក្ខជនគ្រោះថ្នាក់ចរាចរណ៍ ចំនួន០១ករណី និងមាន០២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការប្រឡងបាន។
បុគ្គលិកអប់រំមានកំហុសឆ្គង០១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ មានភ្លៀងធ្លាក់ នៅមណ្ឌលមួយចំនួនស្ថិតនៅខេត្តកោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ៕