(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ សកម្មជនដីធ្លី សហគមន៍បឹងកក់ម្នាក់ គឺអ្នកស្រី ទេព វន្នី ត្រូវបានដោះលែងចេញពីពន្ធនាគារ «ម២» ហើយ បន្ទាប់ពីប្រធានពន្ធនាគារ បានទទួលដីកាបង្គាប់ឲ្យដោះលែងពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ដែលកំពុងចុះទៅយកព័ត៌មានផ្ទាល់នៅពន្ធនាគារ «ម២» និងតាមរហូតដល់ផ្ទះរបស់អ្នកស្រី ទេព វន្នី។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែងសកម្មជនដីធ្លី សហគមន៍បឹងកក់ម្នាក់ គឺអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារហើយ ក្រោយជាប់ឃុំឃាំងនៅទីនោះអស់រយៈពេលប្រមាណ២ឆ្នាំ។
ការសម្រេចដោះលែងអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារ «ម២» ទាំងយប់នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់អ្នកស្រី និងសកម្មជនដីធ្លីចំនួន៣នាក់ទៀតរួមមាន៖ អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា។
សូមបញ្ជាក់ថា អ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ដោយសម្រេចផ្ដន្ទាទោសចំនួន២ឆ្នាំកន្លះ ក្រោមការចោទប្រកាន់ពីបទ «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស»៕