(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានជំរុញឲ្យក្រុមការងារចុះជួយស្រុកល្វាឯម នាំគ្នាបម្រើពលរដ្ឋឲ្យអស់ពីចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យស្រុកល្វាឯម មានការអភិវឌ្ឍន៍រីកចម្រើន ដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋបានឆាប់រហ័ស។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម​កម្មវិធី​ជប់លៀង អបអរសាទរលទ្ធផលបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនិតីកាលទី៦ សម្រាប់គណៈពង្រឹងស្រុកល្វាឯម ក្នុងនោះក៏មានការចូលរួមពីលោក គង់ វិបុល អនុប្រធានទី១ គណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម និងសមាជិក សមាជិកាប្រមាណ៨០០នាក់។

ក្នុងឱកាសជប់លៀងដ៏សប្បាយរីករាយនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឆ្លៀតយកឱកាសអំពាវនាវ និងជំរុញឲ្យក្រុមការងារចុះជួយស្រុកល្វាឯម ធ្វើការបម្រើប្រជាពលរដ្ឋឲ្យអស់ចិត្ត និងរួបរួមសាមគ្គីគ្នា ដោយមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយណាមួយឡើយ។

លោកអគ្គបណ្ឌិតសភាចារ្យ បានជំរុញឲ្យក្រុមការងារចុះជួយស្រុកល្វាឯម ខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត គឺមានន័យថា ខិតខំឲ្យបានទ្វេរដងព្រោះថា ពលរដ្ឋទាំងអស់គ្នា ទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ទើបសម្រេចចិត្ត​បោះឆ្នោតជូន ដូច្នេះត្រូវធ្វើឲ្យដូចកាលដែលបានសន្យាជាមួយពួកគាត់ ក្នុងយុទ្ធនាការបោះឆ្នោតកន្លងទៅ។

លោកអគ្គបណ្ឌិតសភាចារ្យបានបន្ដទៀថា ប្រសិនបើក្រុមការងារធ្វើឲ្យម្ចាស់ឆ្នោតខកចិត្តនោះ អ្នកទាំងអស់គ្នានឹងទទួល​ទណ្ឌកម្ម ដែលមានទំហំស្នើនឹងការខកចិត្ត របស់ពលរដ្ឋ នៅថ្ងៃណាមួយជាក់ជាពុំខាន។ ដូច្នេះហើយអ្នកទាំងអស់គ្នាប្រហែល​ជាគ្មានពេលសម្រាកនោះឡើយ គឺខិតខំប្រឹងប្រែងមួយជាពីរ ជាបីជាបួនដងបន្ថែមទៀត៕