(ភ្នំពេញ)៖ ជំនន់ទឹកភ្លៀង នៅប៉ុន្មានថ្ងៃក្រោយនេះ ហាក់កំពុងតែគំរាមកំហែង​ទឹកស្ទឹងព្រែកត្នោតឡើងវិញ ដែលអាចឈានដល់ការលិចលង់នៅតំបន់មួយចំនួន ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីជំនន់ទឹកភ្លៀងនេះបានធ្លាក់យ៉ាងគំហុក នៅតំបន់ស្រុកភ្នំស្រួច និងតំបន់ភ្នំឱរ៉ាល់។

ជាក់ស្ដែងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ពាក់ព័ន្ធ មេភូមិ មន្ត្រីរាជការខណ្ឌ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត និងត្រៀមដើម្បីចាត់វិធានការទាន់ពេលវេលា ចំពោះផលប៉ះពាល់ផ្សេងៗ ដែលអាចបង្កឡើងដោយសារទឹកជំនន់​ ដោយសហការជាមួយក្រសួងធនធានទឹក​ និងឧតុនិយម។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានណែនាំឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែសហការគ្នា ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចេញជួយអន្ដរាគមន៍ ពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងណែនាំពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នដូចគ្នាផងដែរ។

សូមជម្រាបថា ​លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានបញ្ជាក់ថា ចំពោះស្ថានភាពទឹកជំនន់នេះ បណ្ដាលមកពីភ្លៀងធ្លាក់ កាលពីថ្ងៃទី១៨ ខែសីហា​ និងយប់ថ្ងៃទី១៩ នៅតំបន់ភ្នំស្រួច មានរហូតដល់ជាង១៨០មីលីម៉ែត្រ។ ដោយឡែកនៅតំបន់ភ្នំឱរ៉ាល់ ក៏មានភ្លៀងធាក់រហូតដល់២០០មីលីម៉ែត្រផងដែរ។

ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យទឹកហូរធ្លាក់មកកាន់ស្ទឹងព្រែកត្នោត និងស្ទឹងស្លាគូ ដែលចំពោះបញ្ហានេះ លោក លឹម គាន់ហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងចាត់ចែងក្រុមការងារបច្ចេកទេស តាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ព្រោះស្ទឹងព្រែកត្នោត អាចចាក់ចូលមករាជធានីភ្នំពេញ រីឯស្ទឹងស្លាគូ ចាក់ទៅខេត្តតាកែវ ដែលត្រូវឲ្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕