(ភ្នំពេញ)៖ គណបក្សរួបរួមរុស្ស៊ី ដែលជាគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី ពូទីន បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ របស់គណបក្សប្រជាជនកម្ពុជា។
ក្នុងលិខិតអបអរសាទរផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក Gryzlov ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃគណបក្សរួបរួមរុស្ស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមចូលរួមអបអរសាទរចំពោះសម្តេច សម្រាប់ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលថ្មីៗនេះ»។
ក្នុងលិខិតនោះ លោក Gryzlov បានគូសរំលេចថា បច្ចុប្បន្នកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងដោយការអភិវឌ្ឍប្រកបដោយសក្តានុពល នៅក្នុងវិស័យជាច្រើនទាំងថ្នាក់តំបន់ និងអន្តរជាតិ។
ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃគណបក្សរួបរួមរុស្ស៊ី បានបង្ហាញជំនឿជាក់ថា ទំនាក់ទំនងយ៉ាងរឹងមាំរវាងគណបក្សរួបរួមរុស្ស៊ី និងគណបក្សប្រជាជនកម្ពុជា នឹងបន្តចូលរួមចំណែកក្នុងការពង្រឹងចំណងទាក់ទងរវាងប្រជាជន ក៏ដូចជាប្រទេសទាំងពីរ។
សូមបញ្ជាក់ថាជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាលើការបោះឆ្នោតកាលពីខែកក្កដា កន្លងទៅនេះ មានប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិជាច្រើនបានសម្តែងការអបអរសាទរ និងបង្ហាញការធ្វើសហប្រតិបត្តិការល្អជាមួយគ្នា។ ប្រទេសដែលគាំទ្រការបោះឆ្នោតនេះ មានដូចជាចិន រុស្ស៊ី តួកគី ហ្វីលីពីន ថៃ សិង្ហបុរី ឡាវ និងវៀតណាមជាដើម៕