(ភ្នំពេញ)៖ ប្រធានាធិបតីតួកគី លោក អេនដូហ្កាន់ បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជាទាំងមូល។
ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ប្រធានាធិបតីតួកគី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមរដ្ឋាភិបាលតួកគី និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានចំនួនប្រជាជនកម្ពុជាទៅបោះឆ្នោតយ៉ាងច្រើនលើសលុប»។
លោកប្រធានាធិបតីតួកគី បានគូសរំលេចទៀតថា លទ្ធផលនៃការបោះឆ្នោតនេះ នឹងបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ឲ្យកម្ពុជា ក្លាយខ្លួនជាប្រទេសប្រកាន់ប្រជាធិបតេយ្យ និងមានភាពរុងរឿងរីកចម្រើន នៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា ប្រទេសតួកគី ជាប្រទេសក្នុងតំបន់អឺរ៉ុបទីពីរហើយ បន្ទាប់ពីប្រទេសរុស្ស៊ី ដែលបានផ្ញើលិខិតអបអរសាទរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនៅក្នុងប្រទេសកម្ពុជា៕