(ភ្នំពេញ)៖ ដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅពេញមួយថ្ងៃដំបូង នៃសម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបានបញ្ចប់ហើយ នៅវេលាម៉ោង៥ល្ងាច។ បើតាមកាលវិភាគប្រឡង ដំណើរការប្រឡងនេះ នឹងបន្ដនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ទើបបញ្ចប់ទាំងស្រុង។
ជុំវិញដំណើរការប្រឡងនៅពេញមួយថ្ងៃដំបូងនេះ សភាពការណ៍ទូទៅនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរ គ្មានអំពើហិង្សា ឬការរអាក់រអួលអ្វីណាមួយកើតឡើងនោះទេ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា នៅពេលកំពុងប្រឡង បេក្ខជនខ្លះក៏មានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម ប៉ុន្ដែខ្លះបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល និងបានទទួលជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។
សូមជម្រាបថា ដំណើរការសំណេរនាថ្ងៃទី១នេះ មានបេក្ខជនប្រឡងសរុប ចំនួន ១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់ អវត្តមានសរុបចំនួន ១,៧០៨នាក់ ស្រី៦៩២នាក់។
បេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន ០៤ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃ០៣ករណី និងនាំសំណៅឯកសារចូលចំនួន ០១ករណី ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន ១១ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តរហូតចប់ បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ករណីបេក្ខជនគ្រោះថ្នាក់ចរាចរចំនួន ០១ករណី និងមាន ០១ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការប្រឡងបាន។
បុគ្គលិកអប់រំមានកំហុសឆ្គង ០១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ មណ្ឌលមួយចំនួននាពេលព្រឹកនេះ មានភ្លៀងធ្លាក់នៅខេត្តកោះកុង ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ នេះបើតាមការឲ្យដឹងពីទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕