(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានប្លន់រថយន្តក្រុងចំនួន០៣គ្រឿង រួមជាមួយនិងអ្នកដំណើរប្រមាណ១៧០នាក់ នៅក្នុងស្រុក Khan Abad នៃខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែកងទ័ពរដ្ឋាភិបាល រំដោះបានចំនួន១៤៩នាក់មកវិញហើយ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
បើតាមអភិបាលស្រុកខាងលើ ពួកឧទ្ទាមតាលីបង់ បានប្លន់យករថយន្តទាំង០៣គ្រឿង នៅលើដងផ្លូវមួយកន្លែង ទៅកាន់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយក្នុងចំណោមនោះ ក៏មានរួមមានស្រ្តីនិងកុមារផងដែរ។
គួរជម្រាបថា សកម្មភាពខាងលើនេះ បានកើតមានឡើង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីហ្គានីស្ថាន លោក Mohammad Ashraf Ghani បានប្រកាសបទឈប់បាញ់ដោយមានលក្ខខណ្ឌសម្រាប់រយៈពេល០៣ខែ ដោយគិតចាប់ពីថ្ងៃចន្ទនេះតទៀត និងបានអំពាវនាវឲ្យពួកតាលីបង់ធ្វើតាមដូចគ្នា។ ដោយឡែក ក្រុមតាលីបង់ មិនទាន់បានឆ្លើយតបចំពោះសំណើឈប់បាញ់របស់រដ្ឋាភិបាលនៅឡើយទេ៕