(ភ្នំពេញ)៖ ការចិញ្ចឹមបីបាច់ថែរក្សាកូនចៅឲ្យដើរតាមគន្លងធម៌ ហើយអាចទទួលបានការអប់រំល្អប្រសើរជាបំណងប្រាថ្នារបស់អាណាព្យាបាលគ្រប់រូប ទោះបីពួកគាត់ត្រូវធ្វើពលីកម្មកម្លាំងញើសឈាម និងនឿយហត់កម្រិតណាក៏ដោយនោះ។ អាណាព្យាបាលជាច្រើនរូបក្នុងព្រឹត្តិការណ៍ប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បានទៅឈរត្រៀបត្រានៅតាមមណ្ឌលប្រលងនានា ដើម្បីផ្តល់កម្លាំងចិត្តដល់រូបកូន ក៏ដូចជាទន្ទឹងរង់ចាំពីលទ្ធផលនៃការប្រលងរបស់កូនផងដែរ។
នៅជុំវិញមណ្ឌលប្រលងវិទ្យាល័យព្រះស៊ីសុវត្ថិគេបានឃើញអាណាព្យាបាលជាច្រើនឈរអង្គុយរង់ចាំកូនៗរបស់ខ្លួន ខ្លះក៏មានទឹកមុខរីករាយ ហើយខ្លះទៀត ក៏ស្រងូតស្រងាត់បង្ហាញនូវក្តីព្រួយបារម្ភចំពោះការប្រលងរបស់កូន។ អ្នកស្រី ធារ៉ា ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទើបមានកូនប្រលងបាក់ជាលើកដំបូងនៅក្នុងឆ្នាំ២០១៨នេះ។
សម្រាប់អ្នកស្រី ធារ៉ា បានបង្ហាញទឹកមុខរីករាយហាក់មិនបារម្ភចំពោះការប្រលងរបស់កូននោះឡើយ។ តាមរយៈបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News អ្នកស្រី ធារ៉ា បានថ្លែងថា អ្នកស្រីមានអារម្មណ៍រីករាយខ្លាំង ដែលភាពរីករាយនេះកើតមានដោយសារអ្នកស្រីមានកូនស្រីបានប្រលងបាក់ឌុបជាលើកដំបូង។
សម្រាប់អ្នកស្រី ធារ៉ា មិនព្រួយបារម្ភចំពោះលទ្ធផលប្រលងរបស់កូនស្រីនោះទេ ដោយសារតែកូនស្រីមានសមត្ថភាពខ្លាំងគ្រាន់បើទៅហើយ ព្រោះមិនទាន់ប្រលងបាក់ឌុបកូនស្រីនេះអាចប្រលងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យក្នុងប្រទេស និងនៅប្រទេសចិនថែមទៀតផង។
អ្នកស្រី ធារ៉ា បានថ្លែងថា ការដែលមានកូនស្រីពូកែក្នុងការសិក្សារៀនសូត្រ គឺជាភព្វសំណាងមួយសម្រាប់អ្នកស្រី ហើយក៏ជាការធ្វើឲ្យអ្នកស្រីរីករាយខ្លាំងណាស់ផងដែរ ដែលពេលខ្លះចង់ដើរបង្អួតប្រាប់គេថែមទៀតផង។ អ្នកស្រីបានបញ្ជាក់ដូច្នេះ «និយាយទៅវាជារឿងមហាសប្បាយចិត្តទៅហើយ ហើយក៏ជាកិត្តិយសដែរទៅណាមកណាចង់និយាយប្រាប់គេថាកូនយើងអ៊ីចេះៗ សមត្ថភាពកូនយើងវាអ៊ីចុះអ៊ីចឹងណា។ វាជាកិត្តិយសម្រាប់ខ្ញុំ សម្រាប់ក្រុមគ្រួសារ ក៏ដូចជាសម្រាប់កូនខ្ញុំផ្ទាល់ដែរ»។
ពាក្យចាស់មួយឃ្លាបានលើកឡើងថា «ម្តាយបង្កើតបានតែរូបកាយ តែមិនអាចបង្កើតចិត្តរបស់កូនបាននោះឡើយ»។ តាមពាក្យមួយឃ្លានេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ការចិញ្ចឹមបីបាច់កូនចៅមិនមែនជារឿងងាយស្រួលនោះឡើយ កូនចៅខ្លះក៏អប់រំដើរតាមគន្លងធម៌ ស្តាប់ដំបូន្មានឪពុកម្តាយប្រឹងប្រែងសិក្សារៀនសូត្រ តែកូនខ្លះក៏ត្រូវបរិយាកាសមិនល្អក្នុងសង្គមអូសទាញមិនលុះតាមគន្លងធម៌ផងដែរ។
ការដែលអ្នកស្រី ធារ៉ា ចិញ្ចឹមបានកូនដើរតាមគន្លងធម៌ដ៏ល្អប្រសើរ និងរៀនសូត្រពូកែបែបនេះមិនមែនជារៀងងាយស្រួលនោះឡើយ។ តើអ្នកស្រី ធារ៉ា មានពិសោធន៍ និងគន្លឹះល្អបែបណាខ្លះក្នុងការអប់រំកូន?
អ្នកស្រី ធារ៉ា បានលើកឡើងថា កូនស្រីរបស់អ្នកស្រី តែងតែយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រមិនដែលធ្វើឲ្យអ្នកស្រីលំបាកនោះឡើយ។ ឆ្លើយតបសំណួរថាមានគន្លឹះសំខាន់អ្វីក្នុងការអប់រំកូននោះ អ្នកស្រី ធារ៉ា បានបញ្ជាក់ថា តាំងពីតូចរហូតដល់ធំ អ្នកស្រីតែងតែអប់រំកូនពីគុណតម្លៃនៃការអប់រំ និងចំណេះដឹង។ ជាពិសេសអ្នកស្រី បានប្រាប់កូនថា មានតែចំណេះដឹងទេ ដែលមិនចេះសាបសូន្យ ហើយអាចជួយធ្វើឲ្យជីវិតវិវឌ្ឍន៍ទៅរកភាពល្អប្រសើរ៕