(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតកាបូប២ថ្មីទៀត បើកដំណើរការនៅកម្ពុជា សរុបទុនវិនិយោគជាង១០លានដុល្លារអាមេរិក និងបង្កើតការងារ៥ពាន់កន្លែង។ នេះបើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២០ ខែសីហានេះ។ 

CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន G.W GREENWAYS TEXTILE CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរ និងប៉ាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (អតីតខណ្ឌឫស្សីកែវ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.២៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,៩២៨ន្លែង។

២៖ ក្រុមហ៊ុន QIHANG NEW (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣,៣២៥កន្លែង។

សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០១៨ CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន០៩។

តួលេខវិនិយោគនេះ បានបង្ហាញឱ្យឃើញនូវនិន្នាការនៃការវិនិយោគ ដែលមានការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ៕