(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ បានចុះថ្លែងអំណរគុណ ប្រជាជនដែលបានទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៩ កក្កដាកន្លងមក នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅឃុំភារីមាជ័យ និងឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចូលរួមក្នុងពិធីនេះរួមមាន អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាលស្រុក និងប្រជាជននៅឃុំភារីមានជ័យ និងឃុំស្វាយរំពារ ប្រមាណជាង៥០០នាក់ផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍ លោកប្រធានក្រុមការងារចុះជួយឃុំ និងមេឃុំ អំពីលទ្ធផលបោះឆ្នោត គាំទ្រគណបក្ស ប្រជាជនកម្ពុជារួចមក លោកទេសរដ្ឋមន្ត្រីបានថ្លែងថា អ្នកកំពង់ស្ពឺ ជាអ្នកស្រឡាញ់របបប្រជាធិបតេយ្យ ដោយបានទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី និងមានចំនួនអ្នកទៅឆ្នោត ច្រើនជាងគេទី២ នៅទូទាំងប្រទេស ស្មើជាង៨៩% នៃអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។ ប្រជាជនបានទៅបោះឆ្នោត ជូនតែគណបក្សប្រជាជនឲ្យបានកៅអីទាំងអស់ក្នុងរដ្ឋសភា។ មូលហេតុគឺ យើងខិតខំធ្វើការទាំងអស់គ្នា ហើយប្រឹងប្រែងនៅកៀកជាមួយប្រជាជនរហូត។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន និងបម្រើប្រជាជន។ ដូច្នេះ យើងត្រូវប្រឹងធ្វើការកាន់តែខ្លាំង បន្ថែមទៀតឲ្យសមនឹងការទុកចិត្ត គាំទ្រពីប្រជាជន។ សម្តេចតេជោខំប្រឹងអភិវឌ្ឍជាតិ បានចុះទៅជួបកម្មករ ដំឡើងប្រាក់ខែ និងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់មន្ត្រីរាជការ និងកម្មករ។ លទ្ធផលបង្ហាញថា ការងារដែលសម្តេចតេជោ ប្រឹងប្រឹងធ្វើ ប្រជាជនបានគាំទ្រ ឯយុទ្ធនាការម្រាមដៃស្អាត បានទទួលបរាជ័យយ៉ាងអាម៉ាស់។ យើងអនុវត្តគោលនយោបាយពង្រឹងសន្តិភាព និងការអភិវឌ្ឍ។ យើងក៏មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរវាងថ្នាក់លើ និងថ្នាក់ក្រោម។
លោកទេសរដ្ឋមន្រ្តី បានបន្តថា ក្រុមប្រឆាំងមិនចង់ឃើញប្រទេសយើងអភិវឌ្ឍ និងរៀបចំការបោះឆ្នោតទេ។ គេចង់បង្ហាញឲ្យពិភពលោកមើលឃើញថា យើងផ្តាច់ការដូចរបប ប៉ុល ពត និងកាន់តែក្រទៅៗ។ ប៉ុន្តែនៅពេលលោកទេសរដ្ឋមន្ដ្រី សួរទៅកាន់អង្គពិធីថា តើយល់យ៉ាងណាចំពោះស្ថានភាពប្រទេសយើងសព្វថ្ងៃ? លោកយាយអាយុ៨០ឆ្នាំ និងអង្គពិធីបានឆ្លើយស្រុះគ្នាថា ស្រុកយើងឥឡូវសប្បាយ ចង់ទៅណាក៏បាន មានផ្សារអ៊ីអន និងមានការអភិវឌ្ឍ។ ក្រុមប្រឆាំងជាអ្នកបំផ្លាញជាតិ មិនមែនជាអ្នកផ្សះផ្សាជាតិទេ។ ពួកគេជាអ្នកបំផ្លាញវប្បធម៌សន្ទនា។ ពួកគេបានទៅរៀនធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់ ហើយនិយាយតែពីរឿងដូរឬមិនដូរ។ ពួកគេបន្តទៅបញ្ចុះបញ្ចូលបរទេសឲ្យដាក់សម្ពាធ និងមិនមកបណ្តាក់ទុនវិនិយោគនៅស្រុកខ្មែរ។ តែមកដល់ម៉ោងនេះអត់មាន ប្រទេសណាដកទូតចេញពីស្រុកខ្មែរទេ ហើយវិនិយោគិននៅតែបន្តបណ្តាក់ទុន។ ការបោះឆ្នោតបានបញ្ចប់ហើយ បន្ទាប់ពីនេះតទៅយើងត្រូវរក្សាភាពសុខដុមរមនា យើងមិនត្រូវចាត់ទុកបក្សចូលរួមបោះឆ្នោតជាសត្រូវទេ។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានផ្តល់វត្ថុកំដរដៃមាន ថ្នាំពេទ្យ សាប៊ូ និងអាវដល់ប្រជាជនចូលរួមក្នុងពិធីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណប្រជាជនទាំងអស់ និងជាពិសេសសមាជិក អង្គពិធីទាំងមូលដែលបានទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី២៩ ខែកក្កដា ជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍទៅមុខទៀត៕