(ភ្នំពេញ)៖​ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា គិតមកត្រឹមពេលនេះ មានប្រជាពលរដ្ឋជិត៣៥ម៉ឺននាក់មកហើយ នៅទូទាំងប្រទេសកម្ពុជា បានទទួលការពិនិត្យព្យាបាល និងទទួលថ្នាំដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលនេះជាផ្នែកមួយ ក្នុងការយកចិត្តទុកដាក់មួយ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយ៉ាល។

លោកបញ្ជាក់ថា​ ក្នុងរយៈពេល៦ឆ្នាំដែលគិតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សរុបចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំ) បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅ១៦រាជធានីខេត្ត រួមទាំងចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃ បានចំនួន៣៤៩,៤៧០នាក់ ​(សាមសិបបួនម៉ឺន ប្រាំបួនពាន់បួនរយចិតសិប) មកហើយ។

ការបញ្ជាក់របស់លោក លេង ផាលី ធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណជាង៣០០នាក់ ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ វិទ្យាល័យសម្តេច ជា ស៊ីម ស្ថិតនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ចំនួន៤,៥៣៦នាក់។

លោកបន្តថា សម្រាប់តែខេត្តកំពង់ស្ពឺនោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាល និងចែកជូនថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានរហូតដល់ទៅ១៣២លើកឯណោះ ហើយបានព្យាបាលជូនប្រជាពលរដ្ឋបានប្រមាណជា២៨ម៉ឺននាក់។

លោកបានបញ្ជាក់បន្ថែមថា «ការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ហើយជោគជ័យទាំងអស់នេះ ក៏មានការរួមចំណែកយ៉ាងធំធេង ពីក្រុមគ្រួសារគ្រូពេទ្យស្ម័គ្រចិត្តទាំង៤,២៧៥នាក់ ដោយមិនខ្លាចពីការនឿយហត់ ពុះពារគ្រប់ឧបសគ្គ ដើម្បីរួមគោលបំណងមួយនោះគឺ ចង់ឃើញប្រជាពលរដ្ឋនៅកម្ពុជាទាំងអស់ មានសុខភាពល្អគ្រប់ៗគ្នា»

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បង្កើតឡើងនាថ្ងៃទី២ ធ្នូ ឆ្នាំ២០១២ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោក លេង ផាលី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មិនថាតែខេត្តកំពង់ស្ពឺនោះទេ ដែលជួបនឹងបញ្ហាទឹកជំនន់ និងបញ្ហាភ្លៀងធ្លាក់ សូមមានប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងត្រូវចេះការពារខ្លួនស្របពេលនឹងកម្ពស់ទឹកកំពុងមានការប្រកាសអាសន្ន ជាពិសេសត្រូវមានថ្នាំសម្រាប់ព្យាបាលនៅជាប់ខ្លួនជានិច្ចផងដែរ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ វិទ្យាល័យសម្តេច ជា ស៊ីម ស្ថិតនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៨​ យោងតាមរបាយការណ៍បានបង្ហាញថាការព្យាបាលនេះសម្រេចបាន៖ ជំងឺកុមារ១៧២នាក់, ជំងឺស្រ្តី១០៣នាក់, ជំងឺផ្លូវចិត្ត៩៧នាក់, ជំងឺឫសដូងបាត១២៨នាក់, ជំងឺសន្លាក់ឆ្អឹង៩៨នាក់, ជំងឺរលាកសួត៩៣នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៨៧នាក់, ជំងឺភ្នែក៧៩នាក់, ជំងឺសើរស្បែក៨៦នាក់, ជំងឺទឹកនោមផ្អែ១០៧នាក់, ជំងឺមាត់ធ្មេញ៩១នាក់, អេកូសាស្ត្រ១៥៦, ព្យាបាលរបួសនិងវះកាត់តូច៤៣ និងជំងឺទូទៅ៣,១៩៦៕