(ភ្នំពេញ)៖ មានករណីសង្ស័យលួចម៉ូតូពីប្រជាពលរដ្ឋ ហើយយកទៅលាក់ទុកក្នុងព្រៃ មួយកន្លែងក្នុងបុរី ព្រីនថោន ខណៈដែលមានបំណងចង់យកចេញវិញ ក៏ត្រូវប្រជាពលរដ្ឋឃើញរាយការណ៍ទៅកម្លាំងនគរបាលចុះឡោមព័ទ្ធ ចាប់បានមនុស្សចំនួន៣នាក់ និងម៉ូតូ៣គឿង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មនុស្សទាំង៣នាក់ខាងលើ សង្ស័យបានធ្វើសកម្មភាពកាច់សោកម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BZ-5958 បានសម្រេច ហើយបានជិះគេចខ្លួនចូលក្នុងព្រៃ និងលាក់ទុកនៅក្នុងផ្ទះល្វែងមួយកន្លែង ដែលគេទុកចោល លុះមកដល់វេលាកើតហេតុ ជនសង្ស័យទាំងនោះ បានមកយកម៉ូតូ ក្នុងគោលបំណងយកចេញតែត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញក៏រាយការណ៍ទៅមកនគរបាល ភ្លាៗមនោះកម្លាំងប៉ុស្តិ៍កាកាប២ សហការជាមួយកម្លាំងខណ្ឌបានចុះអន្តរាគមន៍ជាក់ស្តែង។
នៅក្នុងការបង្ក្រាបនេះ គឺកម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលស្ថិតក្នុងការសង្ស័យនៅឡើយ និងម៉ូតូដែលជនសង្ស័យជិះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CW-5779 មួយគ្រឿង, ម៉ូតូម៉ាក Zoomer-X ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ1GG-7230។ ដោយឡែក ម៉ូតូដែលជនសង្ស័យលួចបានហើយ យកមកលាក់ទុកក្នុងគុម្ពព្រៃ មួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BZ-5958។
យ៉ាងណាក៏ដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា សម្រាប់មនុស្សទាំង៣នាក់នេះ មិនទាន់អាចសន្និដ្ឋានថា ជាក្រុមចោរនោះទេ ដោយកំពុងស្ថិតក្រោមការសួរនាំនៅឡើយ។
ក្រោយប្រតិបត្ដិការ ជនសង្ស័យទាំង៣នាក់ខាងលើ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្ដការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕