(ភ្នំពេញ)៖ ក្រុមហ៊ុន ផលិតទឹកពិសាឈានមុខគេ «វីតាល់» បានធ្វើការបើកសម្ពោធការដាក់បង្ហាញ ផលិតផលវីតាល់១.៥លីត្រ ដែលមានរូបរាងសំបកកេសថ្មី ជូនដល់សាធារណជន ជាពិសេសមាតា បិតា សម្រាប់ការឆុងម្សៅទឹកដោះគោ និងបបរសម្រាប់ទារក និងកុមារតូចៗ។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងសាលដ៏ធំ នៃភោជនីយដ្ឋានទន្លេបាសាក់។
ក្រុមហ៊ុនទឹកពិសា វីតាល់ បានទទួលសា្វគមន៍ភ្ញៀវកិត្តយសទាំងអស់ ទៅកាន់កម្មវិធីសម្ពោធដាក់ប្រើប្រាស់នូវសំបកកេសថ្មី បែបបរិស្ថាន និងការរចនាឡើងថ្មី ដែលជាទីចាប់អារម្មណ៍ ដល់មាតាបិតាដែលកំពុងមាន និងរៀបមានបុត្រធីតាតូចៗ។ រូបរាងនៃកេសវីតាល់ថ្មី១.៥លីត្រនេះ បានបង្ហាញខ្លួន ស្តែងចេញពីការចាប់បញ្ចូលគ្នា រវាងបច្ចេកវិទ្យាទំនើបចុង ក្រោយបំផុតលើការរចនាសំបកកេសថ្មី ដែលមានរចនាបទប្លែកសម្រាប់មាតា បិតាទារក ថែមទាំងគិតគូរ ដល់បរិស្ថានដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យផលិតទឹកពិសា នៅក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេល៨ឆ្នាំ នៃវត្តមានរបស់វីតាល់ ក្នុងទីផ្សារកម្ពុជា វីតាល់ទទួលបានភាពជោគជ័យខ្ពស់ទាំងចំនួននៃការលក់ និងការទទួលស្គាល់នូវគុណភាព។ ក្នុងនោះ វីតាល់ក៏បានដើរតួយ៉ាងសំខាន់ក្នុងភាព ជាអ្នកដឹកនាំនៃវិស័យផលិតទឹកក្នុងប្រទេសកម្ពុជា ដោយសារតែវីតាល់ មានយុទ្ធនាការឈានមុខគេគ្រប់ជំហាន ជាក់ស្តែងដូចជាយុទ្ធនាការ ដកសំបក ប្លាស្ទិក លើគម្របដបដើម្បីកាត់បន្ថយផ្លាស្ទិចក្នុងបរិស្ថាន ដែលបច្ចុប្បន្នត្រូវបានអនុវត្តន៍ តាមដោយក្រុមហ៊ុនដទៃទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ពណ៌ និងរចនាបទរបស់វីតាល់ ក៏ត្រូវបានក្រុមហ៊ុនជាច្រើន កំពុងយកគម្រូតាមផងដែរ។
លោកស្រី កូវ ចាន់និច្ច មន្រ្តីប្រតិបត្តិផ្នែកពាណិជ្ជសញ្ញា នៃនាយកដ្ឋានទីផ្សារក្រុមហ៊ុនវីតាល់ បានថ្លែងថា វីតាល់ មានមោទនភាពជាមួយភាពជោគជ័យ និងការរីកចម្រើនខ្លាំង ប៉ុន្តែនេះក៏ជាមោទនភាពដែលមិនជ្រុលនិយម។ មោទនភាពនៃវីតាល់ បានជំរុញទឹកចិត្តយើង ក្នុងការប្រកួតប្រជែងបន្ថែមទៀត ដោយប្រកាន់ខ្ជាប់នូវភាពច្នៃប្រឌិត មានវិជ្ជាជីវៈ និងប្រកួតប្រជែងដោយសមភាព។
វីតាល់ តែងតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យ និងបេសកកម្មសំខាន់ធំៗចំនួន២ គឺ៖ ១៖ការផ្តល់ជូន ទឹកពិសាដែលមានគុណភាពខ្ពស់ដល់មនុស្សជាតិនិងសង្គម, ២៖ការក្លាយជាក្រុមហ៊ុនជាតិ ដែលទទួលបានការកោតសរសើរ ជាងគេក្នុងវិស័យឧស្សាហកម្មទឹកពិសា។ ហេតុដូច្នេះហើយ ដើម្បីឲ្យវីតាល់នៅបន្តរក្សាតំណែង កំពូលនៅស្ថិតស្ថេរ វីតាល់បាននឹងកំពុងតែដើរស្របទៅនឹងការវិត្តន៍របស់ពិភពលោក ដែលប្រព្រឹត្តទៅមុខជារៀងរាល់ថ្ងៃ និងលឿនបំផុតទាំងបច្ចេកវិទ្យា រចនាបទ និងគំនិតច្នៃប្រឌិត។
ជាងនេះទៅទៀត លោកស្រី ក៏បានបង្ហាញពីលក្ខណៈពិសេស នៃរូបរាងកេសថ្មីសម្រាប់ចំណុះ១.៥លីត្ររបស់វីតាល់ ដែលមានដូចជា កេសថ្មីមានរចនា នូវរូបតុក្កតា២តួអង្គ ដែលស្ដែងប្រាប់ថា សូម្បីទារកទាំងពីរភេទមិនថាអាយុប៉ុន្មាននោះទេ ក៏អាចប្រើប្រាស់បានទាំងការទទួលទាន ឆុងម្សៅទឹកដោះគោ និងបបរឆាប់លឿនរហ័សជាងប្រភេទទឹកដទៃ និងការរក្សានូវផ្ទៃសំបកកេសទាំងមូល មានពណ៌ភ្លឺស្រស់ថ្លា ពាណិជ្ជសញ្ញាផុសអណ្តែត ដោយក្នុងនោះ កេសនីមួយៗមានផ្ទុកវីតាល់១.៥លីត្រ ត្រឹមតែ៦ដបប៉ុណ្ណោះ ជាមួយនឹងរន្ធចោះនៅផ្ទៃសងខាងនៃកេស ដើម្បីជួយសម្រួលដល់ការកាន់យួរ ដែលជាបច្ចេកវិទ្យាផលិតចុងក្រោយបំផុត និងដំបូងបំផុតនៅប្រទេសកម្ពុជា។
លោកស្រីក៏បានសង្កត់ធ្ងន់ថា ការវិវត្តខ្លួនរបស់វីតាល់ ក៏នៅតែរក្សាគុណភាពក្នុងលំដាប់ខ្ពស់ដដែល និងថែមទាំងគិតគូរខ្វាយខ្វល់ដល់បរិស្ថាន ដោយសំបកកេសយើងគឺ ធ្វើឡើងជាប្រភេទក្រដាស ដែលឆាប់ងាយរលាយទៅវិញជាមួយនឹងបរិស្ថាន។ វីតាល់ មិនត្រឹមតែផលិតឡើង តាមស្តង់ដាជាតិប៉ុណ្ណោះទេ តែយើងអនុវត្តតាមស្តង់ដាអន្តរជាតិ និងជាពិសេសស្របតាមស្ដង់ដាអាមេរិច ដោយទឹករបស់យើងត្រូវបានឆ្លងកាត់នូវ ប្រព័ន្ធចម្រោះទាំង១២ និងប្រព័ន្ធចម្រោះទីតាញ៉ូម ដែលធានាបាននូវសុវត្ថិភាព និងគុណភាពសម្រាប់ទារកតូចៗ ក្នុងការឆុងម្សៅទឹកដោះគោ និងបបរដែលអតិថិជនជាមាតាបិតាគ្រប់រូបអាចទុកចិត្តបាន១០០%។
អ្វីដែលអស្ចារ្យទៀតនោះ វីតាល់ គឺក្រុមហ៊ុនទឹកពិសាដែលទទួលស្គាល់ ដោយអង្គការស្តង់ដាអន្តរជាតិ (ISO) និងស្តង់ដាជាតិ (CS) ដែលទទួលបានវិញ្ញាបនបត្រ រួមមាន ISO 9001៖2015 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព ISO 202000៖2005 ប្រព័ន្ធគ្រប់គ្រងសុវិត្ថភាពម្ហូបអាហារ និងISO 14001៖2015 ប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ បន្ថែមពីលើនេះ វីតាល់ត្រូវបានផលិតឡើង ដោយឧត្តមគតិជាតិ មនសិកា និងធ្វើដើម្បីសង្គម និងប្រជាជាតិទាំងមូល យើងសូមធានានូវអ្វីដែលយើងបានធ្វើ។
លោកស្រី ជឹង សុគន្ធាវី នាយិកាគ្រប់គ្រង និងតំណាងក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវីតាល់ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិជន ជាពិសេសម្ចាស់ដេប៉ូភេសជ្ជៈទាំងឡាយ ដែលជារឿយៗបានខិតខំប្រឹងប្រែងគាំទ្រចែកចាយវីតាល់ ទៅកាន់ទីផ្សារកម្ពុជា បានយ៉ាងជោគជ័យធ្វើឲ្យសន្ទុះនៃកំណើនចរាចរណ៍ វីតាល់ លើទីផ្សារមានដំណើរឈានមុខគេ។
បើតាមការលើកឡើងរបស់នាយិកាគ្រប់គ្រង វីតាល់នឹងមិននៅស្ងៀមនោះទេ ព្រោះវីតាល់មានទស្សនវិស័យប្រែក្លាយខ្លួនជា ក្រុមហ៊ុនជាតិឈានមុខល្អដាច់គេ លើវិស័យផលិតទឹកពិសា ទាំងទីផ្សារក្នុងស្រុក ព្រមទាំងក្រៅស្រុកផងដែរ។ វីតាល់ប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗ និងល្អៗជាច្រើនទៀត ដើម្បីបម្រើប្រជាជនកម្ពុជាឲ្យបានល្អបំផុត ហើយក៏ជាការតបស្នងទៅនឹងជំនឿចិត្តដែលប្រជាជនកម្ពុជាមានមកលើវីតាល់ «វីតាល់មោទនភាព ផលិតផលជាតិ»៕