(សៀមរាប)៖ សិក្ខាកាមចំនួន២៥នាក់ ក្នុងនោះ១០នាក់ មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសបូរព្រៃគុក សហភាពសហព័ន្ធយុវជនកម្ពុជា និង១៥រូបទៀត មកពី៩ប្រទេសជុំវិញពិភពលោក នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «អប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក» ដោយជោគជ័យ។
កម្មវិធីនេះរៀបចំឡើង នៅសាលសន្និសីទអង្គរ នៃអាជា្ញធរជាតិអប្សរា ក្រោមអធិបតីភាពលោក ហង់ ពៅ អគ្គនាយករងតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ធា សថានី សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តសៀមរាប និងលោកស្រី Sin Boram នាយិកាវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌កូរ៉េ។
ក្នុងឱកាសបិទកម្មវិធី លោក ហង់ ពៅ បានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានរៀបចំកម្មវិធីនេះឡើង ក៏ដូចជាសិក្ខាកាមទាំងអស់ដែលបានចំណាយពេលសិក្សារៀនសូត្រ ក្នុងរយៈពេល១០ថ្ងៃកន្លងនេះ។ លោកសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមយល់ដឹងច្រើនពីវប្បធម៌ អរិយធម៌អង្គរ នឹងការអភិរក្ស សហគមន៍ និងក្រមប្រតិបត្តិអង្គរ។
លោកបន្តថា រយៈពេល១០ថ្ងៃ របស់សិក្ខាកាមមិនអាចគ្រប់គ្រាន់សម្រាប់សិក្សាស្វែងយល់បានឡើយ រមណីយដ្ឋានអង្គរទាំងមូលក្រៅពីប្រាង្គប្រាសាទ គឺមានបេតិកភណ្ឌអរូបីជាទំនៀមទម្លាប់របស់អ្នកស្រុក ប៉ុន្តែសិក្ខាកាមពិតជាបានស្គាល់ និងបានដឹងនូវការប្រារព្ធពិធីខ្លះៗរបស់អ្នកស្រុកអំឡុងថ្ងៃចុះសិក្សា ដែលតំបន់អង្គរបានរក្សាទេសភាពវប្បធម៌បានយ៉ាងល្អប្រសើរ។
លោកស្រី Sin Boram នាយិកាវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌កូរ៉េ និងជាអ្នករៀបចំកម្មវិធីនេះមានប្រសាសន៍ថា នេះជាលើកទី២ ដែលបើកវគ្គបណ្តុះបណ្តាលនៅតំបន់អង្គរ សហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ គោលបំណងបណ្តុះបណ្តាលយុវជនអំពីបេតិភណ្ឌវប្បធម៌។
លោកស្រីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងមាននៅឆ្នាំខាងមុខជាបន្តបន្ទាប់សម្រាប់យុវជនកម្ពុជា និងយុវជននៅជុំវិញពិភពលោកដើម្បីយល់កាន់តែច្បាស់អំពីការអភិរក្ស និងការអភិវឌ្ឈន៍រមណីយ៍ដ្ឋានអង្គរ។ លោកស្រីបញ្ជាក់ថា នាពេលអនាគត វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែធ្វើនៅក្នុងតំបន់អង្គរប៉ុណ្ណោះទេ គឺនឹងធ្វើនៅខេត្តព្រះវិហារ និងសំបូរព្រៃគុក និងសូមឱ្យយុវជនទាំងអស់ចូលរួមឱ្យបានច្រើនផងដែរ។
លោក សុខ ទីឃាវុឌ្ឍ ជាយុវជនស្ម័គ្រចិត្តកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ទៅលើការអភិរក្ស ក្រមប្រតិបត្តិអង្គរ និងភូមិធម្មជាតិរុនតាឯក។ លោកបានទទួលចំណេះដឹងច្រើនដូចជាអភិរក្សថ្ម ឥដ្ឋ កុលាលជន៍ សហគមន៍ជុំវិញ ការគ្រប់គ្រងទេសចរ ជាពិសេសក្រមប្រតិបត្តិអង្គរ ដែលភ្ញៀវទេសចរត្រូវយល់ដឹងពេលចូលមកទស្សនារមណីដ្ឋានអង្គរ។ លោកក៏បានសំណូមពរឱ្យមានកម្មវិធីនេះ នៅពេលខាងមុខបន្តទៀត ព្រោះផ្តល់ឱ្យយុវជនយល់ដឹងពីតម្លៃវប្បធម៌ ការរស់នៅរបស់សហគមន៍ និងចូលរួមថែរក្សារាល់សម្បត្តិបេតិកភណ្ឌជាតិ។
កញ្ញា MICHELLE ALMAGRO ជាយុវជនស្ម័គ្រចិត្តហ្វីលីពីន បានឱ្យដឹងថា ពិតជារីករាយណាស់បានក្លាយជាយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក និងបានចូលរួមវគ្គបណ្តុះបណ្តាលនេះជាមួយយុវជនមកពីប្រទេសផ្សេងទៀត នៅរមណីយដ្ឋានអង្គរ។ កញ្ញារំឭកថា កាលពីប៉ុន្មានឆ្នាំមុនបានមកលេងតំបន់អង្គរតាមរយៈក្រុមហ៊ុនទេសចរណ៍មួយ បើប្រៀបធៀបពេលនោះអ្នកស្រីមិនបានស្វែងយល់អ្វីទាល់តែសោះ ពិសេសផ្នែកក្រមប្រតិបត្តិអង្គរ ការងារជួសជុល ការអភិរក្ស និងការអភិវឌ្ឈន៍សហគមន៍។ កញ្ញាមានចំណាប់អារម្មណ៍ទៅលើការអភិរក្សប្រាសាទខ្មែរដែលខុសគ្នានៅហ្វីលីពីន និងសំណូមពរឱ្យកម្មវិធីនេះលើកក្រោយ មានរយៈពេលវែងសម្រាប់ការចុះសិក្សាដល់ទីតាំងតែម្តង៕