(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ដែលជាថ្ងៃដំបូងការប្រឡងមធ្យមសិក្សាទុតិយភូមិបានផ្ដើមបន្ដទៀតហើយ នៅវេលាម៉ោង២រសៀល ដោយ​ថ្នាក់វិទ្យាសាស្ដ្រ ប្រឡងមុខវិជ្ជា គីមី និងអង់គ្លេស រីឯថ្នាក់សង្គម ប្រឡងមុខវិជ្ជា ភូមិ និងអង់គ្លេស។ នេះបើតាមកាលវិភាគដំណើរការប្រឡង។

ដំណើរការប្រឡងនៅរសៀលនេះ​ ក៏មិនខុសពីពេលព្រឹកប៉ុន្មាននោះទេ ដោយ​មុនពេលបេក្ខជនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ​គណៈកម្មការអនុរក្ស មន្ត្រី​អ្នកសង្កេតការណ៍ស្ម័គ្រចិត្តអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា​ បានឆែករកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទពីបេក្ខជនផងដែរ។

សូមជម្រាបថា ​ដំណើរការសំណេរនាថ្ងៃទី១នេះ មាន​បេក្ខជន​ប្រឡង​សរុប​ ចំនួន ​១១៥,២៦៨​នាក់ ស្រី​៥៨,១៥៨​នាក់ អវត្តមានសរុបចំនួន ១​,​៧០៨នាក់ ស្រី​៦៩២នាក់។

បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង មាន​ចំនួន ០៤ករណី ក្នុង​នោះ​ករណី​ដកហូត​ទូរស័ព្ទ​ដៃ​​០៣ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​ចំនួន ​០១​ករណី ដោយ​ឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន ១១​ករណី ប៉ុន្តែ​អាច​ដំណើរ​ការ​ប្រឡង​បន្តរហូតចប់ បន្ទាប់​ពី​ទទួល​បាន​ការសង្គ្រោះ​បឋម ករណី​បេក្ខជន​គ្រោះថ្នាក់​ចរាចរ​ចំនួន ​០១​ករណី និង​មាន ​០១ករណី ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ពុំ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន​។

បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង ០១ករណី (ប្រើ​ទូរស័ព្ទ) ត្រូវ​បាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្ត​ការងារ។ មណ្ឌល​មួយ​ចំនួន​នា​ពេល​ព្រឹក​នេះ ​មាន​ភ្លៀង​ធ្លាក់​នៅ​ខេត្ត​កោះកុង ខេត្ត​កែប ខេត្ត​តាកែវ និង​ខេត្ត​ក្រចេះ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​សំណេរ​របស់​បេក្ខជន​ឡើយ។ នេះបើតាមការឲ្យដឹងពីទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕​