(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះ លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលជួបសវនាការ និងទទួលអំណោយ ពីសប្បុរសជន ដែលមកពីក្រុមហ៊ុនចំនួន៣ និងអំណោយផ្ទាល់ពីលោកស្រី សុខ កែវ ច័ន្ទ សារុន ភរិយាលោកទេសរដ្ឋមន្ដ្រី ច័ន្ទ សារុន ដែលបានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
*ក្រុមហ៊ុនចំនួន៣រួមមាន៖ ក្រុមហ៊ុន យូ អាយ ស៊ី អឹភែរឹល មេនូហ្វេកធឺរីង (U.I.C APPEREL MANUFATURING CO.,LTD ) បានប្រគល់អំណោយជាអាវមានចំនួន ១០០,០០០អាវ ស្មើនឹងថវិកា ៣០០,០០០ដុល្លារ
*ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) (AMRU RICE (CAMBODIA) ប្រគល់ផ្ដល់អំណោយជា អង្គរចំនួន ២០តោន
*លោកស្រី សុខ កែវ ច័ន្ទសារុន និងក្រុមគ្រួសារ ប្រគល់អំណោយជាអង្ករចំនួន ៥០តោន និងសារ៉ុង ចំនួន ២,០០០
*ក្រុមហ៊ុន ស្រាបៀរកម្ពុជា (ស៊ី.ប៊ី.អិល) (CAMBODIA BREWERY LIMITED (CBL) ប្រគល់អំណោយជាថវិកាចំនួន ៥ម៉ឺនដុល្លារ ជួយជនរងគ្រោះដោយទឹកជំនន់ ។
ក្នុងជំនួបនេះដែរ លោកស្រី អាន្នី សុខអាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូ ពិសេសថ្លែងអំណរគុណ ចំពោះគណៈប្រតិភូ ដែលបានពាំនាំនូវ ការបរិច្ឆាគ ក៏ដូចជាថវិកាមនុស្សធម៌ ជាសម្ភារៈផ្សេងៗជូនកាកបាទក្រហមកម្ពុជា ចំពេលនៃតំរូវការរបស់ប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះធម្មជាតិដោយទឹកជំនន់នៅទូទាំងប្រទេស ដោយពេលនេះ ប្រជាជនយើងស្ទើរតែ២៥ខេត្ដក្រុង ដែលកំពុងទទួលរងគ្រោះដោយទឹកជំនន់នេះ ដូច្នេះក្នុងនាមជាកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ជាជំនួយការរបស់អាជ្ញាធរសាធារណៈនៅក្នុងវិស័យមនុស្សធម៌ គឺកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយជាស្បៀង សម្ភារៈ និងថវិកាមួយចំនួន ជួយទៅដល់គ្រួសាររងគ្រោះ ប្រមាណ១៦,០០០គ្រួសារ ក្នុងអំឡុងគ្រោះធម្មជាតិ ដោយទឹកជំនន់នេះ ។
លោកស្រី អាន្នី សុខអាន បានថ្លែងបន្ដថា ក្នុងរយៈពេលកន្លងមកនេះ គឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ នៅខេត្ដកំពង់ចាម និងត្បូងឃ្មុំ ដែលនេះ ជាការឆ្លុះបញ្ចំាងឲ្យឃើញពីសកម្មភាព ដ៏សកម្មរបស់កាកបាទក្រហមកម្ពុជា ពិសេសជាការឆ្លើយតបទៅនឹងតំរូវការ និងដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ ។
កាកបាទក្រហមកម្ពុជា បានទទួលនូវទំនុកចិត្ដដ៏កក់ក្ដៅពីសប្បុរសជន ជាតិ និងអន្ដរជាតិ តាមរយៈការចូលរួមជាថវិកាមនុស្សធម៌ ជួយដល់កាកបាទក្រហមកម្ពុជា នៅក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដោយថវិកាទាំងនោះ កាកបាទក្រហមកម្ពុជា បានធ្វើការបែងចែក នូវអំណោយជាថវិកាមនុស្សធម៌ ប្រកបដោយតម្លាភាព ជួយដល់ប្រជាជនងរងគ្រោះ តាមគោលការណ៍គ្រឹះរបស់ខ្លួន ក៏ដូចជាស្នូលទាំងបួន របស់កាកបាទក្រហមកម្ពុជាផងដែរ ។ហេតុនេះហើយ បានជាកាកបាទក្រហមកម្ពុជា ទទួលបានការគាំទ្រ និងទំនុកចិត្ដយ៉ាងខ្លាំង ពីសំណាក់ជនងាយរងគ្រោះ ពិសេសទទួលបានទំនុកចិត្ដ បន្ថែមពីសប្បុរស ។
ទន្ទឹមនឹងនោះ លោកស្រី អនុប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសប្បុរសជន ដែលជាអ្នកវិនិយោគ នៅក្នុងស្រុក ដែលបានជួយបង្កើតនូវឱកាសការងារ និងទទួលយកធនធានមនុស្សនៅកម្ពុជាយើង មកធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដែលនេះជាសកម្មភាពលើកស្ទួយដ៏ល្អ ចំពោះជីវភាពរបស់ប្រជាជនកម្ពុជា ពិសេសអំណរគុណនូវការយកចិត្ដទុកដាក់របស់ក្រុមហ៊ុន លើកវិស័យសុខុមាលភាព ក៏ដូចជាសុខភាពរបស់កម្មកររបស់ខ្លូនដែលស្របតាមការអនុវត្ដន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យកម្មករសប្បាយចិត្ដយ៉ាងខ្លាំង ពិសេស គឺទទួលបាននូវផលប្រយោជន៍ ពីក្រុមហ៊ុន ក្នុងការជួយលើកស្ទួយសុខុមាលភាពរបស់ពួកគាត់ ។
ជាកិច្ចឆ្លើយតប ប្រតិភូក៏បានធ្វើការថ្លែងអំណរគុណ ជាពិសេសធ្វើការផ្ដាំផ្ញើ តាមរយៈលោកស្រី អាន្នី សុខអាន ជូនចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់កិត្ដិយសយ៉ាងវិសេសវិសាល ទទួលនូវបដិសណ្ឋារកិច្ច និងអំណោយ មនុស្សធម៌របស់ក្រុមហ៊ុន ដើម្បីបន្ដជួយដល់ប្រជាជនរងគ្រោះទូទាំងប្រទេស ដែលនេះជាការចូលរួម ក្នុងវិស័យសង្គមកិច្ច ក្នុងនាមជាវិស័យឯកជន ជួយដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានទាន់ពេលវេលាផងដែរ ៕