(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ នឹងមានការជួបប្រជុំគ្នាព្រមទាំងហូបអាហារសាមគ្គី រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយប្រធានគណបក្សនយោបាយនានា នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ បានសរសេរលើ Facebook ផ្លូវការរបស់សម្តេចថា ការជួបជុំគ្នានេះ គឺជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិយ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅថ្ងៃស្អែកទី២១ សីហានេះ ខ្ញុំនឹងជួបប្រជុំព្រមទាំងហូបអាហារសាមគ្គីជាមួយបងប្អូនថ្នាក់ដឹកនាំ មកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។ ការជួបជុំបងប្អូននៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតកន្លងមកនេះ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា «ការចូលរួមផ្តល់នូវមតិយោបល់ច្រើន គឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើន សម្រាប់ចូលរួមកសាងជាតិ។ នេះក៏បង្ហាញឲ្យឃើញថា យើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងអស់ ដែលចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការកសាងប្រទេសឲ្យកាន់តែរីកចម្រើន៕