(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំបើក វគ្គបណ្ដុះបណ្ដាលតម្រង់ទិស សម្រាប់មន្ដ្រីរាជការថ្មី ៣៧២នាក់ មកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង២៥ និងអង្គការពាក់ព័ន្ធក្រោមឱវាទ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្ដការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៅដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្ដទៅក្រោមការដឹកនាំរបស់លោក ពេជ្រ សម្បត្ដិ អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដ និងក្នុងកិច្ចសហការ រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនសិក្ខាកាមគោលដៅ ដែលជាមន្ដ្រីរាជការថ្មី។

ពិធីនេះ ធ្វើឡើងដើម្បីឲ្យសិក្ខាកាមគោលដៅ ដែលជាមន្ដ្រីរាជការថ្មី ស្វែងយល់ និងពង្រីកចំណេះដឹងមូលដ្ឋានសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖

* ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
* រចនាសម្ព័ន្ធ និងការប្រព្រឹត្ដទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* ទំនាក់ទំនងនៃការទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការបម្រើសេវាសាធារណៈ
* កិច្ចការរដ្ឋបាលសាធារណៈ និងទិដ្ឋភាពសំខាន់ៗ នៃច្បាប់ស្ដីពី សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល នៃព្រះរាជណាចក្រកម្ពុជា សម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្ដការងារ និងតួនាទីភារកិច្ចរបស់មន្ដ្រីទាំងនោះ ឲ្យកាន់តែមាន ប្រសិទ្ធភាព។

ថ្លែងក្នុងពិធីនោះ លោក ពេជ្រ សម្បត្ដិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏វៃឈ្លាសរបស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រី នៃកម្ពុជា តែងបានផ្ដល់អាទិភាពជានិច្ច ដល់ការកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកបន្ដថា ក្នុងនោះ បានរួមចំណែកឲ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ប្រមាណជា៧% ក្នុងរយៈពេល៣ អាណត្ដិកន្លងមក ហើយបានរួមចំណែកជួយឲ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យម កម្រិតទាប និងកំពុងខិតខំឈានឆ្ពោះ ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោក ពេជ្រ សម្បត្ដិ ក៏បានគូសបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលតម្រង់ទិស ពិតជាមានសារៈសំខាន់សម្រាប់មន្ដ្រីថ្មី និងសាមីអង្គភាព ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការពង្រឹងពង្រីកចំណេះដឹង និងបំពាក់ស្មារតីការងារ​ និងជាស្ពានសម្រាប់បន្ដការអភិវឌ្ឍសមត្ថភាពជំនាញ ឲ្យកាន់តែប្រសើថែមទៀត សំដៅជំរុញផលិតភាព និងប្រសិទ្ធភាពការងារ ប្រកបដោយចីរភាព ទៅតាមអង្គភាពនីមួយៗ។

ទន្ទឹមគ្នានេះ លោកអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងបានយកចិត្តទុកជានិច្ចលើការកសាង និងអភិវឌ្ឍសមត្ថភាពលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃគ្រប់ក្រសួងស្ថាប័ន។

ជាក់ស្តែង ឆ្លើយតបទៅនឹងតម្រូវការ សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី១ និងទី២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យអនុវត្តជាផ្លូវការ ក្នុងឆ្នាំ២០០៧ នូវផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាពដំបូង ដែលត្រូវបានរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមជំនួយពីទីប្រឹក្សាបច្ចេកទេស នៃធនាគារពិភពលោក។

ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានអនុវត្តយ៉ាងសកម្ម និងរស់រវើក និងទទួលបានលទ្ធផល គួរជាទីមោទនៈ ដែលបានចូលរួមចំណែក ធ្វើឲ្យការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចគោលដៅ ដោយជោគជ័យក្នុងការកសាង «ភាពទុកចិត្តបាននៃថវិកា» នៅដំណាក់កាលទី១ ក្នុងឆ្នាំ២០០៨ និង «គណនេយ្យភាពហិរញ្ញវត្ថុ» នៅដំណាក់កាលទី២ ក្នុងឆ្នាំ២០១៥។

លោកអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា សមិទ្ធផលខាងលើនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ដែលត្រូវបានចាប់ផ្តើមនៅខែមីនា ឆ្នាំ២០១៦ ក្នុងគោលដៅ «បង្កើនការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយជាអាទិភាព» ក្នុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

លើសពីនេះ សមិទ្ធផលខាងលើ ក៏បានរួមចំណែកជួយឲ្យកម្ពុជា ចាកផុតពីបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងមានអតិរេកសាច់ប្រាក់ សម្រាប់បង្កើនការចំណាយវិនិយោគសាធារណៈ ក្នុងវិស័យសំខាន់ៗ ដូចជាអប់រំ និង សុខាភិបាល និងថែមទាំងមានលទ្ធភាពបង្កើនបៀវត្សជាបណ្តើរៗ ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង និវត្តជនថែមទៀត។