(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកកណ្តៀង សហការជាមួយកម្លាំងជលផល នគរបាលប៉ុស្តិ៍រដ្ឋបាលរាំងទិល សឹករងស្រុកកណ្តៀង រាជអាវុធហាត់ស្រុកកណ្តៀង និងប្រជាការពារ សរុបទាំងអស់២០នាក់ ដឹកនាំដោយលោកអភិបាលរងស្រុកកណ្តៀង បានចុះបង្រ្កាបបទល្មើសនេសាទ ចាប់ពីចំណុចព្រែកកំពង់គុជ រហូតដល់ព្រែកទល់ ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង៩៖១៥នាទីព្រឹក ដល់ម៉ោង ៣៖០០នាទីល្ងាច។
លោកវរសេនីយ៍ឯក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានឱ្យដឹងថា ក្នុងការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងចម្រុះបានប្រមូលឧបករណ៍នេសាទខុសច្បាប់មួយចំនួន រួមមាន៖ ក្បាលបរចំនូន ២៧ របាំងក្រឡាល្អិតចំនួន ១៨ខ្សែ ប្រវែងសរុប ៥,៣១៨ម៉ែត្រ ក្រឡា៥លីសម្រុង៣ម៉ែត្រ និងបង្កោល ២,៥០០ដើម។
លោកអធិការបានបន្តថា ក្រោយពីបានរឹបអូសវត្ថុតាងបទល្មើសនេសាទទាំងនេះ សមត្ថកិច្ចចម្រុះបានកម្ទេចចោលនៅនឹងកន្លែង និងបានចាក់លែងត្រីចម្រុះចំនួន ១៥៩គីឡូក្រាម ចូលទៅក្នុងបឹងទន្លេសាបវិញ៕