(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ដំណើការប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី១ ត្រូវបានបញ្ចប់ដោយរលូន ប៉ុន្ដែមានបេក្ខជនមួយចំនួន មានបញ្ហាសុខភាពនៅពេលប្រឡង។
បើតាមក្រសួងអប់រំ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល រួមជាមួយមន្ត្រី អ្នកសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំវេចខ្ចប់សន្លឹកកិច្ចការនៅតាមមណ្ឌលប្រឡង។
តាមរយៈទំព័រ Facebook ផ្លូវការ ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាព នៃការរៀបចំវេចខ្ចប់សន្លឹកកិច្ចការ នៅតាមមណ្ឌលប្រឡង បន្ទាប់ពីបានបញ្ចប់ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល រួមជាមួយនឹងមន្ត្រី អ្នកសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា»។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានបង្ហាញនូវរូបភាព ពីស្ថានភាពបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន ដែលមានបញ្ហាសុខភាព ក្នុងអំឡុងពេលនៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងនោះបេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាលក្រោយទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ។
សូមជម្រាបថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ ធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួនសរុប ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕