(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងថា ការដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រទានព្រះរាជក្រឹត្យចាត់តាំង សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា យកទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភាជាតិ គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។
លោក សុខ ឥសាន បានឲ្យដឹងថា យោងតាមខ្លឹមសារនៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិត្រង់វាក្យខ័ណ្ឌទី២ មាត្រា៤ ទំព័រទី១៣៨ នៃសៀវភៅរដ្ឋធម្មនុញ្ញ ចែងថា តាមសេចក្តីស្នើពីគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយដែលឈ្នះឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល។
វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ជូនព្រឹទ្ធសមាជិករដ្ឋសភា។ លោកបន្តថា ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជន នាយករដ្ឋមន្ត្រី និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះការដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះរាជទានព្រះរាជក្រឹត្យចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភាជាតិ គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
ដោយយោងទៅតាមច្បាប់នេះហើយ លោក សុខ ឥសាន បានអំពាវនាវអស់លោកអ្នកនយោបាយ លោកអ្នកវិភាគនយោបាយ សង្គម មុននឹងមានមតិសូមពិនិត្យលើខ្លឹមសាររដ្ឋធម្មនុញ្ញឲ្យច្បាស់ជាមុនសិន កុំចេះតែនិយាយតាមគំនិតអត្តនោម័ត្តរបស់ខ្លួន ឬតាមនិន្នាកាលំអៀងខាងនយោបាយឲ្យសោះ ជាការមិនត្រឹមត្រូវ ដែលនាំឲ្យសាធារណមតិយល់ច្រឡំ៕