(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញបើកហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅមណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង។
ក្នុងពិធីបើកហិបវិញ្ញាសាសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាព្រឹកនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអាគារ និងអ្នកពាក់ព័ន្ធ និងមានការសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមដើម្បីពិនិត្យភាពបិទជិតមានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ លោកអភិបាលខេត្ត បានជូនពរបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តស្ទឹងត្រែងទាំង ៦៥៦នាក់ (ស្រី ៣០៩នាក់) ទទួលបាននិទ្ទេសល្អ និងជោគជ័យគ្រប់ៗគ្នា។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២០ សីហា ២០១៨ នៅខេត្តស្ទឹងត្រែង សរុបចំនួន ៦៥៦នាក់ (ស្រី ៣០៩នាក់) ចែកចេញជា ២មណ្ឌលប្រឡង គឺមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មាន ២២បន្ទប់ មានបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ៥៤៦នាក់ (ស្រី២៦៥នាក់) និងមណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង មាន៥បន្ទប់ មានបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្រ្ត ចំនួន ១១០នាក់ (ស្រី ៤៤នាក់)៕