(កំពង់ចាម)៖ លោក អ៊ុក ប៊ុនឈឿន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ចំនួន១៣៦គ្រួសារ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទូទាំងអស់ ដែលបានអញ្ជើញ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ ជាពិសេស ប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឱ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះដែរលោក បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានមី០២កេស ដំណាប់ល្មើចំនួន០១គីឡូ និងថវិកា១០០០០រៀល៕