(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងចាប់អារម្មណ៍នូវមតិមួយចំនួនជារឿយៗ ដែលតែងលើកទ្បើងក្នុងន័យនយោបាយម្ដងអ៊ីចេះម្ដងអ៊ីចុះ ពិសេសថ្មីៗនេះបានអះអាងថា ចំពោះការបោះឆ្នោតរដ្ឋសភាអាណត្ដិទី៦នេះជាការបោះឆ្នោតក្លែងក្លាយ ឬយ៉ាងណាយ៉ាងណីនោះ។
ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ ក៏បានថ្លែងទាត់ចោលយ៉ាងដូច្នេះថាបើនិយាយពីការបោះឆ្នោតអាណត្ដិទី៦នេះ គឺមិនខុសពីអាណត្ដិមុនៗនោះទេ ពីព្រោះមានអ្នកសង្កេតការណ៍មកពីគ្រប់គណបក្សនយោបាយ ពិសេសអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិមកពីបណ្ដាប្រទេសនានា បានចូលរួមធ្វើជាសាក្សីនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេស។
បានសេចក្ដីថាបើនិយាយពីមតិដែលចោទការបោះឆ្នោតអាណត្ដិនេះថាក្លែងក្លាយ ឬយ៉ាងណាយ៉ាងណីនោះ ចំពោះមតិដែលលើកទ្បើងនេះគឺគ្រាន់តែជាមតិចេះតែថាៗឲ្យតែរួចពីមាត់ប៉ុណ្ណោះដើម្បីធ្វើជាលេសតែប៉ុណ្ណឹងឯង។ ក្នុងគោលបំណងប្រឆាំង ឬមិនទទួលស្គាល់នូវលទ្ធផលបោះឆ្នោតដោយមិនខុសពីអាណត្ដិមុនៗនោះទេ។
ចំពោះមតិចោទក្នុងការបោះឆ្នោតនេះថា ក្លែងក្លាយ ឬយ៉ាងណាយ៉ាងណីដើម្បីធ្វើជាលេសនោះ ដោយត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានកត់សម្គាល់នៅត្រង់ថា៖
ទី១៖ បើនិយាយពីការបោះឆ្នោតអាណត្ដិនេះមិនខុសពីអាណត្ដិមុនៗនោះទេ។ ដោយហេតុថាចំពោះក្រុមអ្នកដែលលើកទ្បើងនូវមតិនេះ គឺបានចាញ់ក្នុងការបោះឆ្នោតនេះយ៉ាងច្បាស់រួចទៅហើយ ដោយក្រុមខ្លួនបានអំពាវនាវកុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតនេះឯង។ ផ្ទុយទៅវិញប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតរហូត៨៣,២% ដែលជាអាត្រាខ្ពស់បំផុតបើធៀបទៅនឹងប្រវត្ដិនៃការបោះឆ្នោតអាណត្ដិមុនៗមក។
ទី២៖ បើសិនជាការបោះឆ្នោតនេះជាការខុសច្បាប់ ឬក្លែងក្លាយ ឬយ៉ាងណាយ៉ាងណីមែននោះ ។ ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ ក៏បានចោទជាចម្ងល់ទៅវិញថាចុះហេតុអ្វីក៏ក្រុមខ្លួន ឬកូកនខ្លួនទាំងខ្មែរនិងបរទេសខ្លះបានបើកយុទ្ធនាការឃោសនាដេកផ្ទះឈ្នះស្អាត ដើម្បីកុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតយ៉ាងខ្លាំងបំផុតធ្វើអ្វី? តើនេះគេមិនហៅថាជាយុទ្ធសាស្រ្ដឃោសនាបោះឆ្នោតដើម្បីឈ្នះ-ចាញ់ទេឬអ្វី? បើដូចនេះចំពោះមតិក្រុមខ្លួន ឬគូកនខ្លួនដែលលើកទ្បើងដដែលៗថាការបោះឆ្នោតនេះជាការក្លែងក្លាយ ឬយ៉ាងណាយ៉ាងណីនោះ តើនេះមិនហៅថាជាលេសដដែលៗទេឬអ្វី?
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ ក៏បានបញ្ជាក់ផងដែរថាបើនិយាយពីប្រព័ន្ធនៃការបោះឆ្នោតវិញ គឺមិនខុសពីអាណត្ដិមុនៗនោះទេ។ បានន័យថាចំពោះការបោះឆ្នោតទៅតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្ដែបើនិយាយពីការជ្រើសរើសរបស់ប្រជាពលរដ្ឋវិញមានលក្ខណះជាឯកបក្ស។ បានសេចក្ដីថាប្រជាពលរដ្ឋបានសម្រេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេសជូនសម្ដេចតេ ហ៊ុន សែន ឲ្យដឹកនាំប្រទេសបន្ដទៀតមួយរយភាគរយស្មើ១២៥អាសនៈនៃរដ្ឋសភា។
ចំពោះមូលហេតុប្រជាពលរដ្ឋងាកមកគំាទ្រ សម្ដេចតេជោ ហ៊ុន សែន យ៉ាងច្រើនលើសលុបខុសពីអាណត្ដិមុនៗយ៉ាងដូច្នោះ ពីព្រោះប្រជាពលរដ្ឋបានមើលឃើញពីទង្វើក្រុមប្រឆំាងតែងមានបំណងរុញប្រទេសឲ្យធ្លាក់ចូលក្នុងបដិវត្ដពណ៌ ពិសេសប្រជាពលរដ្ឋខ្លាចប្រទេសធ្លាក់ចូលក្នុងសង្រ្គាមដូចឆ្នាំ១៩៧០ម្ដងទៀតហ្នឹងឯង។
បើដូច្នេះបើនិយាយពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស ហើយប្រជាពលរដ្ឋ សម្រេចជ្រើសរើសមេដឹកនាំមានលក្ខណះជាឯកបក្សនេះក៏ពុំមែនជារឿងអ្វីថ្មី ឬក៏ជារឿងអ្វីចម្លែកក្នុងប្រវត្ដិសាស្រ្ដនយោបាយសង្គមខ្មែរយើងនោះទេ។ក្នុងនោះសម័យសង្គមរាស្រ្ដនិយម ក្រោមព្រះរាជកិច្ចដឹកនាំអង្គសម្ដេចឪ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក៏ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រយ៉ាងដូច្នោះដែរ៕