(ក្រចេះ)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ លោកស្រី ទេព កុលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) បានបន្ដចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សប្បុរសជន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកឆ្លូង ខេត្ដក្រចេះ ចំនួន១២០ទៀត បន្ទាប់ពីចែកជូនប្រជាពលរដ្ឋនៅស្រុកសៀមបូក ខេត្ដស្ទឹងត្រែង កាលពីម្សិលមិញ។
ក្នុងឱកាសនោះ លោកស្រី ទេព កុលាប បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺបានមកពីសហការរួមគ្នារវាងសាកលវិទ្យាល័យ និងសប្បុរសជន ដើម្បីចូលរួមចំណែករំលែកទុក្ខលំបាកមួយចំណែករបស់បងប្អូន ពេលទទួលរងគ្រោះធម្មជាតិនេះ ។ក្នុងរដូវវស្សា និងទឹកជំនន់នេះ ត្រូវប្រុងប្រយ័ត្នជានិច្ច ចំពោះកូនចៅតូចៗ កុំឲ្យចុះលេងទឹក ត្រូវពិសាទឹកដាំពុះ រក្សាអនាម័យជុំវិញផ្ទះកុំឲ្យមានជំរកអាសិរ្ពិសគ្រប់ប្រភេទ។ សម្រាប់បងប្អូន ដែលផ្លាស់ទីលំនៅ ទៅទីទួលមានសុវត្ថិភាព ត្រូវប្រកាន់ភ្ជាប់នូវអនាម័យជានិច្ច ហើយក្រោយពីទឹកស្រកទៅវិញ ត្រូវសម្អាតលំនៅឋាន និងស្ដារអណ្ដូងទឹកឲ្យស្អាតឡើងវិញផងដែរ ។
លើសពីនោះ លោកស្រី បានថ្លែងទៀតថា ក្នុងអំឡុងទឹកជំនន់ប្រជាជន បានរងគ្រោះជាច្រើនគ្រួសារ តែមិនបណ្ដាលឲ្យអ្នកណាម្នាក់ស្លាប់ ដោយទឹកជំនន់នេះទេ ព្រោះថាក្រោមការយកចិត្ដទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការរួចជាស្រេច ដល់មន្ដ្រីអាជ្ញាធរមូលដ្ឋានទូទាំងប្រទេស ជម្លៀសប្រជាជន ឲ្យទាន់ពេលវេលា ចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀង សម្ភារប្រើប្រាស់ និងផ្ដល់ជូនការពិនិត្យព្យាបាល រួមទាំងថ្នាំពេទ្យជូន ដោយឥតគិតថ្លៃផងដែរ ។
សូមជម្រាបថា ក្រោមអំណោយរបស់សប្បុរសជន សហការជាមួយនឹងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បាននាំយកនូវស្បៀង និងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ជិត៤០០គ្រួសារ ដែររស់នៅខេត្តស្ទឹងត្រែង២៧០គ្រួសារ និងខេត្ដក្រចេះ ចំនួន១២០គ្រួសារ ។ អំណោយដែលគ្រួសារនីមួយៗទទួលបានមានដូចជា៖ អង្ករ២០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ មី១កេស ស្ករស០១គីឡូ អំបិល០១គីឡូ ត្រី០១ យួរ និងប្រេងឆា០១យួរ ។សរុបទាំងខេត្ដរួមមាន អង្គរ៧,៨០០គីឡូក្រាម ទឹកត្រីចំនួន៣៩០យួរ ទឹកស៊ីអ៊ីវចំនួន៣៩០យួរ មី៣៩០កេស ស្ករសចំនួន៣៩០គីឡូ អំបិលចំនួន៣៩០គីឡូ ត្រីខកំប៉ុង៣៩០យួរ និងប្រេងឆាចំនួន៣៩០យួរ។ សរុបទឹកប្រាក់ចំនួន ៤៨,៤៦០,០០០រៀល ៕