(កំពត)៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ លោក ជាវ តាយ អភិបាលខេត្តកំពត រួមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំតាមស្ថាប័ន នៅជុំវិញខេត្ត បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងដែលលិចលង់ផ្ទះប្រជាពល និងផលដំណាំផ្សេងៗ មួយចំនួន នៅស្រុកទឹកឈូ ដើម្បីត្រៀមវិធានការទប់ស្កាត់ និងជួយអន្តរាគមន៍នៅពេលទឹកលិចលង់ខ្លាំង។
ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត និងមន្ត្រីរួមដំណើរបានឆ្លៀតឱកាសពិនិត្យមើលស្ថានភាពប្រព័ន្ធលូរ នៅតាមដងផ្លូវនានា ដែលអាចស្ទះជាចំណែកកើតគ្រោះទឹកជំនន់ដែរនោះ។
សូមបញ្ជាក់ថា បើគិតត្រឹមនៅរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ស្ថានភាពជំនន់ទឹកភ្លៀងបានលិចលង់ផ្ទះប្រជាពលរដ្ឋ និងផលដំណាំផ្សេងៗមួយចំនួនពិសេសនៅឃុំខ្លះដែលជាប់ដងមាត់ព្រែកកំចាយកំ ចាប់ពីស្ពានចិនកំចាយ រហូតមកជិតភូមិសាស្ត្រ នៃក្រុងកំពត ដូចជា ឃុំកំពង់ក្រែង ឃុំថ្មី និងឃុំព្រៃឃ្មុំ នៃស្រុកទឹកឈូ ដែលទទួលមានការលិចលង់មុនគេ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ។
តែទោះជាយ៉ាងណាជំនន់ទឹកភ្លៀងនេះមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ ដោយឡែកស្ថានភាព អាកាសធាតុនៅតំបន់ភាគច្រើន ក្នុងខេត្តកំពតនេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង និងមេឃងងឹត អាចបន្តភ្លៀងធ្លាក់ជាបន្តបន្ទាប់ថែមទៀត៕