(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា គិតត្រឹមម៉ោងជិត៥ល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកបានស្រកចេញពីលើផ្លូវជាតិលេខ៤ទាំងស្រុងហើយ ដោយអនុញ្ញាតឲ្យរថយន្ដទាំងតូច ទាំងធំ បើកចរាចរណ៍ដូចធម្មតាឡើងវិញ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបាននិងកំពុងប្រចាំការជាប់ជានិច្ច ដើម្បីតាមដានស្ថានភាពទឹក ក្រែងងើបឡើងវិញ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ចរាចរណ៍នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លះគីឡូម៉ែត្រលេខ ១១៦-១១៧ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពងសីលា ខេត្តព្រះសីហនុ នៅតែបន្ដផ្អាកដោយមានតែជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចផ្លូវជាតិយ៉ាងខ្លាំង៕