(ភ្នំពេញ)៖ បន្ទាប់ពីលទ្ធផលបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនទទួលបានសូម្បីមួយអាសនៈបានបង្កឲ្យមន្រ្តីជាន់ខ្ពស់ និងសំខាន់ៗរបស់គណបក្សមួយនេះ ប្រកាសដើរចេញពីគណបក្សទាំងមិនបញ្ជាក់ពីមូលហេតុលម្អិតអ្វីឡើយ ដែលទង្វើនេះត្រូវបានគេអះអាងថា បញ្ហាផ្ទៃក្នុងរបស់គណបក្សនេះកំពុងទទួលរងនូវ ខ្យល់ព្យុះបោកបក់យ៉ាងមហិមា។
នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ដដែលនេះ បេក្ខជនតំណាងរាស្រ្តខេត្តសៀមរាបរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានម្នាក់ទៀតហើយ គឺលោក ឃុន សាវឿន បានប្រកាសដើរចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ទាប់លោក ប៉ោ សេដ្ឋា មានតួនាទីប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មាធិការនាយកគណបក្ស បានដាក់លិខិតលាឈប់រួចហើយនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ។
លោក ឃុន សាវឿន បានប្រកាសតាមរយៈបណ្តាញទំនាក់ទំនងសង្គមឲ្យដឹងយ៉ាងដូច្នេះថា «តំណាងរាស្រ្តក្រៅសភា លាហើយជីវិតជាអ្នកនយោបាយឈរលើពាក្យសុចរិតភាព ខ្ញុំបាទ ឃុន សាវឿន សូមលាឈប់ពីតំណែងប្រធានគណៈកម្មធិការប្រតិបត្តិខេត្តសៀមរាប និងសមាជិកគណៈកម្មការនាយកគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ដោយមូលហេតុខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការងារឃោសនារកសម្លេងឆ្នោត! ខ្ញុំពិតជាមានក្តីអាឡោះអាល័យសោកស្តាយ ដោយគ្មានពាក្យអ្វីមកពណ៌នាបានទេ មានតែបេះដូង ស្មោះ និងម្រាមដៃ១០លើក ប្រណមសូមថ្លែងអំណរគុណដល់លោកគ្រូ កុមារ លោកគ្រូ វីរៈ អ្នកគ្រូវាន្នី អ្នកស្រីរដ្ឋា បងប្អូនសមាជិក សមាជិកា ក្រុមការងារខេត្តសៀមរាប ដែលបានគាំទ្រ និងស្រលាញ់រាប់អាន លើរូបខ្ញុំកន្លងមក! សរសេររៀបរាប់យ៉ាងណាក៏មិនអស់ពាក្យដែរ មានតែបួងសួងសូមឲ្យបងប្អូន ជាពិសេស គបម ឈ្នះអស់មាសត្រូវ សម្រេចឲ្យបាននូវស៥ និងអនុវត្តគោលនយោបាយសៀវភៅបៃតង!!! បងប្អូនអើយ ខ្ញុំឈឺណាស់»។
មន្រ្តីជាន់ខ្ពស់មួយរូបដែលកំពុងស្ថិតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (សុំមិនបញ្ចេញឈ្មោះ) លួចបង្ហើបប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការប្រកាសចាកចេញពី សំណាក់មន្រ្តីសំខាន់ៗទាំងពីរនៅពេលនេះច្បាស់ណាស់ថា គណបក្សមួយនេះកំពុងរង្គោះរង្គើយ៉ាងពេញទំហឹងក្រោយចាញ់ឆ្នោត ជាពិសេសការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូល នៃគណបក្សមួយនេះតែម្តង។ លោកបានបញ្ជាក់ថាលទ្ធផលចាញ់ឆ្នោតក៏បានប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំងដល់សមាជិក និងសមាជិការបស់គណបក្សនេះផងដែរ។
ចំណែកអ្នកវិភាគដ៏ល្បីមួយបានលើកឡើងថា សារថ្លែងអំណរគុណ និងជូនពររបស់លោក ឃុន សាវឿន ដល់មេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ បង្ហាញពីការទះមួយដៃយ៉ាងដំណំដល់ប្រធានគណបក្សមួយនេះ ក្រោយដឹកនាំចូលរួមការបោះមិនទទួលបានលទ្ធផល(ចាញ់ឆ្នោត)។ អ្នកវិភាគបានបញ្ជាក់បន្តទៀតថា ទំនងអាចនឹងមានមន្រ្តីផ្សេងៗទៀត ប្រកាសលាឈប់បន្តទៀត ប្រសិនបើការដឹកនាំរបស់គណបក្សមួយនេះបង្កទំនាស់ផ្ទៃក្នុង មិនស្របយោបល់គ្នាឥតឈប់ឈរ៕