(ស្វាយរៀង)៖ លោក តែម ម៉ឺន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងលោក យិត ស៊ុនណារា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសចុះជួយឃុំមេសរថ្ងក នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានចុះថ្លែងអំណរគុណ និងពិសារអាហារសាមគ្គីជាមួយសមាជិក សមាជិកា កងកម្លាំងប្រដាប់អាវុធនៅឃុំមេសរថ្ងកជិត៤ពាន់នាក់ ដែលពិធីនេះបានប្រព្រឹត្តិទៅ នៅសាលាឃុំមេសរថ្ងក។
លោក តែម ម៉ឺន បានបញ្ជាក់ប្រាប់សមាជិកបក្សថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតជាង ៨៣ភាគរយ ទូទាំងប្រទេស ហើយនៅឃុំមេសរថ្ងក មានប្រពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសំឡង ៨១.៥៧ភាគរយ ដូច្នេះការបោះឆ្នោតនេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋមិនបានជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួននោះឡើយ គឺបានបំពេញកាតព្វកិច្ចជាពលរដ្ឋ ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី តួយ៉ាងដូចជាខេត្តស្វាយរៀង គណបក្សប្រជាជនទទួលបាន ៥អាសនៈ លើ ៥អាសនៈ។
លោកបានបន្តទៀតថា ចាប់ពេលនេះតទៅ នៅអាណត្តិទី៦ រាជរដ្ឋាភិបាល នឹងបន្តការងារអភិវឌ្ឍប្រទេស ឲ្យមានភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសផ្តោតសំខាន់ទៅលើវិស័យទឹក ភ្លើង ផ្លូវ ធនធានមនុស្ស មួយវិញទៀតបង្កើនការវិនិយោគបន្ថែមទៀតដើម្បីស្រូបយកកម្មករ កម្មការិនីឱ្យមានការងារធ្វើកាន់តែច្រើនឡើង ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍនខេត្ត ឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត។
លោក តែម ម៉ឺន បានឲ្យដឹងទៀតថា ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរដើម្បីរួមគ្នាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទផងដែរ៕