(កំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៧កើត ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព .ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨-១៩ ខែសីហា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមសហការជាមួយនឹងលោក គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៨ របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៦៩៥គ្រួសារ មកពីភូមិចំនួន៩ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បន្ទាប់ពីបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន រួចមក លោកស្រី អគ្គលេខាធិការ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ និងគិតគូរពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ ជាពិសេសនៅរដូវទឹកជំនន់នេះ ត្រូវគេងក្នុងមុងជានិច្ចការពារកុំឲ្យមូសខាំ ដើម្បីជៀសវាងនូវការកើតជំងឺគ្រុនឈាម និងជំងឺផ្សេងៗ ហើយត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិសគ្រប់ប្រភេទ។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិតមណ្ឌលសុខភាព ដើម្បីងាយស្រួលតាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសេចក្ដីរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែចែករំលែកនូវក្ដីស្រលាញ់ និងគិតគូរពីសុខទុក្ខចំពោះប្រជាពលរដ្ឋគ្រប់ៗរូប ហើយពួកគាត់ក៏សូមជូនពរដល់សម្ដេចជួបតែសេចក្ដីសុខ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រជាពលរដ្ឋទាំង ១,៦៩៥គ្រួសារ ក្នុងគ្រួសារ នីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ និងក្រមា១ ក្រណាត់ស ១ដុំ និងថវិកាចំនួន ១០.០០០រៀល ដែលក្រណាត់ស និងថវិកាជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
សូមបញ្ជាក់ដែរថា ទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា បានផ្តល់ស្បៀង និងសម្ភារជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម គិតមកដល់ត្រឹមថ្ងៃនេះ សរុបទាំងអស់បានចំនួន ៦០០០គ្រួសារ សម្រាប់ឲ្យសាខាឆ្លើយតបទៅនឹងគ្រោះទឹកជំនន់កន្លងមកនេះ ហើយកាកបាទក្រហមកម្ពុជា បានចុះចែកអំណោយមនុស្សធម៌ទាំង៨លើកនេះ បានសរុបមានចំនួន ៥.២០២គ្រួសារ និងអំណោយដែលនៅសល់ នឹងបន្តធ្វើការចែកនៅសប្តាហ៍ក្រោយទៀត៕