(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា គិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកដែលជន់លិចផ្លូវជាតិលេខ៤ ចំណុចស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចេញពីផ្លូវជាតិជាបណ្ដើរៗហើយ ដោយនៅសល់តែបន្ដិចបន្ដួចប៉ុណ្ណោះនៅលើផ្លូវ។

បើតាមអ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ថា ​សម្រាប់ស្ថានភាពទឹកដែលចាប់ផ្ដើមស្រកជាបណ្ដើរៗនេះ​ អាជ្ញាធរបានអនុញ្ញាតឲ្យរថយន្ដតូចៗ ធ្វើចរាចរណ៍វិញហើយ នៅឡើយតែរថយន្ដដឹកទំនិញធុនធំតែប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដូចគ្នាដែរថា ទឹកដែលជន់លិចផ្លូវជាតិលេខ៤ នៅស្រុកកំពង់សីលានោះ កំពុងតែស្រកទៅវិញជាបណ្ដើរៗហើយ ដោយមិនទាន់អស់ទាំងស្រុងនោះទេ ហើយចរាចរណ៍ក៏បានអនុញ្ញាតដូចធម្មតាវិញសម្រាប់រថយន្ដតូចៗ ប៉ុន្ដែរថយន្ដធុនធំមិនអនុញ្ញាតនៅឡើយទេ ព្រោះខ្លាចធ្វើឲ្យខូចផ្លូវ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា ​កម្លាំងនគរបាលរបស់លោក និងកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន មិនទាន់ដកចេញពីគោលដៅនេះទេ ពោលទុកនៅដដែល ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលទៅរាជធានីភ្នំពេញ និងមកខេត្តព្រះសីហនុ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ចរាចរណ៍នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លះគីឡូម៉ែត្រលេខ ១១៦-១១៧ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពងសីលា ខេត្តព្រះសីហនុ នៅតែបន្ដផ្អាកដោយមានតែជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចផ្លូវជាតិយ៉ាងខ្លាំង៕