(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកស្រី សែម សម្ភស្ស ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ បានផ្តល់អំណោយជាគ្រែសម្រាប់អ្នកជំងឺ ជូនមណ្ឌលសុខភាពទូទាំងស្រុកពារាំង ក្នុងខេត្តព្រៃវែង ចំនួន១០សម្រាប់។ នៅថ្ងៃដដែលនោះ លោកបានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបង្អែកស្រុកពារាំង និងបានផ្តល់ជាថវិកា និងស្បៀងមួយចំនួនជូនពួកគាត់ផងដែរ។

បន្ថែមពីលើនេះទៀត ដោយមានសំណូមពរពីសំណាក់លោកប្រធានមន្ទីរពេទ្យ និងលោកគ្រូ-អ្នកគ្រូ បានស្នើសុំឱ្យជួយចាក់បេតុងបំពេញបន្ថែម នៅក្នុងទីធ្លាក្នុងបរិវេណពេទ្យ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បានយល់ព្រមជួយតាមសំណូមពរ និងបានបន្ថែមផ្តល់សម្លៀកបំពាក់ពេទ្យ ចំនួន៧០សម្រាប់ និងឧបត្ថម្ភជាថវិកាចំនួន ៤០០ដុល្លារអាមេរិក ជូនដល់លោកគ្រូ-អ្នកគ្រូពេទ្យ ផងដែរ។

ក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណ ចំពោះលោកគ្រូ-អ្នកគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ព្យាយាមដើម្បីព្យាបាលចំពោះអ្នកជំងឺ ទោះក្នុងកម្រិតណាក៏ដោយ។ លោកក៏បានសំណូមពរដល់លោកគ្រូ-អ្នកគ្រូពេទ្យ សូមមេត្តាកុំយកកំហឹងពីក្នុងផ្ទះ មកកន្លែងធ្វើការ ដែលនាំឲ្យថ្នាំថ្នាក់ ឬខឹងអ្នកជំងឺ ប្រើពាក្យគំរោះគំរើយ ប្រើកាយវិការ ឬពាក្យសំដីមិនសមរម្យ ឬគ្រួសារអ្នកជំងឺ ដែលនាំឲ្យពួកគាត់មានការមិនសប្បាយចិត្ត ហើយអ្នកដែលឈឺល្មមៗ វាកាន់តែធ្ងន់ថែមទៀត។

លោកបន្តថា ដោយសាររាល់ទង្វើ និងកាយវិការ ពាក្យសំដីល្អៗ របស់លោកគ្រូ-អ្នកគ្រូ ជាឱសថយ៉ាងពូកែ ផ្នែកផ្លូវអារម្មណ៍មួយផងដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បាននាំនូវការសួរសុខទុក្ខរបស់ថ្នាក់នាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតនាពេលកន្លងមក ហើយក៏បានជូនពរដល់បងប្អូនទាំងអស់ ដែលកំពុងសម្រាកព្យាបាលជំងឺ សូមឲ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់ទៅផ្ទះ និងប្រកបរបបទទួលទានតាមធម្មតា៕