(ភ្នំពេញ)៖ ៧ខែឆ្នាំ២០១៨នេះ អ្នកជំងឺសរុបចំនួន ២៤៤,៧៥២នាក់ មកទទួលសេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។ ក្នុងនោះមានអ្នកជំងឹសម្រាកពេទ្យចំនួន ២២,៨៤៤នាក់ និងអ្នកជំងឺពិគ្រោះក្រៅចំនួន ២២១,៩០៨ករណី និងផ្ដល់សេវាដល់និយោជក និងកម្មករ ក្រោមការធានារ៉ាប់រងសុខភាពពីបេឡាជាតិរបបសន្ដិសុខសង្គមមានចំនួន ៤៣,១៩៣នាក់។ នេះបើយោងតាមរបាយការណ៍សមិទ្ធផលរបស់មន្ទីរពេទ្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ។
ដោយឡែកក្នុងឆ្នាំ២០១៧ មន្ទីរពេទ្យបានផ្ដល់សេវាជូនប្រជាជនចំនួន ៣៦៨,៥១៤នាក់ និងផ្ដល់សេវាដល់និយោជិក និងកម្មករក្រោមការធានារ៉ាប់រងសេវាសុខភាព ពីបេឡាជាតិរបបសន្ដិសុខសង្គម មានចំនួន ៤៥,៥១២នាក់ ។
តាមរបាយការណ៍ខាងលើនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ដោយមានការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត បានបោះជំហ៊ានលូតលាស់យ៉ាងខ្លាំង ដោយមានការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងបានបំពាក់នូវសម្ភារៈបរិក្ខារពេទ្យទំនើបៗប្រកបដោយគុណភាពដើម្បីផ្ដល់សេវាព្យាបាល និងថែទាំជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង និងផ្ដល់នូវការជឿជាក់ពីប្រជាជន ។
ពិសេសជាងនេះទៅទៀត មន្ទីរពេទ្យមានធនធានមនុស្សប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស។ កត្ដាទាំងនេះ ហើយដែលធ្វើឲ្យមន្ទីរពេទ្យមិត្ដភាព-ខ្មែរសូវៀត បង្កើននូវទំនុកចិត្ដពីអតិថិជន ជាក់ស្ដែងចំនួនអ្នកជំងឺដែលបានបង្ហាញពីការមកទទួលសេវាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ៕