(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានឲ្យដឹងថា មណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេសចំនួន ១៩៥មណ្ឌល ត្រូវបានរៀបចំរួចរាល់អស់ហើយដើម្បីបម្រើឲ្យការប្រលងនៅថ្ងៃស្អែកនេះ ក្នុងនោះមណ្ឌលប្រលងមួយនៅក្នុងខេត្តកំពត ត្រូវបានប្តូរទីតាំងដោយសារទឹកលិច។
លោក រស់ សាលីន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨នេះថា សម្រាប់ព្រឹត្តិការណ៍នៃការប្រលងបាក់ឌុបនៅថ្ងៃស្អែកនេះ ក្រសួងបានរៀបចំ និងត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ មិនមានបញ្ហាណាមួយកើតឡើងជាការកត់សម្គាល់នាំឲ្យប៉ះពាល់ដល់ការប្រលងនោះឡើយ។ លោកបានបញ្ជាក់យ៉ាងដូច្នេះ «ជារួមដំណើរការនៃការរៀបចំនេះ មានការរៀបរយល្អ គឺគណៈមេប្រយោគទូទាំងប្រទេសបានអញ្ជើញដល់រាជធានីខេត្ត គ្រប់អស់ហើយ បានទុកដាក់វិញ្ញាសារប្រកបដោយសុវត្ថិភាព។ ព្រឹកនេះរៀបចំបញ្ជីបិទឈ្មោះបេក្ខជន»។
លោកបានបន្ថែមថា «ដោយឡែក មានតែករណីមួយទេនៅខេត្តកំពត គឺមណ្ឌលសាលាគរុកោសល្យខេត្តកំពត មានភ្លៀងលិចទឹក ដូច្នេះទេ ក្រសួងក៏សម្រេចដូរមក មណ្ឌលវិទ្យាល័យឯកជនវឌ្ឍនវិជ្ជា ថ្នាក់វិទ្យាសាស្ត្រ ដែលមាន២០បន្ទប់ បានរៀបចំរួចរាល់ កាលពីថ្ងៃទី១៨ ម្សិលមិញអស់ហើយ។ ជារួមបានរៀបរយគ្រប់ទិដ្ឋភាពទាំងអស់»។
ការប្រលងបាក់ឌុបនៅឆ្នាំនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨។ មានបេក្ខជនប្រលង ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។
ការប្រលងបាក់ឌុបនៅថ្ងៃស្អែកនេះ គឺជាការប្រលងលើកទី៥ហើយ ក្រោមការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅរបស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ដែលមានការរឹតបន្តឹងការប្រលងយ៉ាងតឹងរឹងបំផុត ក្រោមពាក្យស្លោកថា «អ្នកចេះ គឺជាប់»។ ដើម្បីធានាថាការប្រលងនេះមានភាពល្អប្រសើរចម្រាញ់យកបាននូវធនធានចំណេះដឹងដ៏ពិតប្រាកដនោះ មិនត្រឹមតែមន្រ្តីអប់រំនោះទេ ដែលដាក់ពង្រាយតាមដានការប្រលង ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធដាក់អ្នកអ្នកសង្កេតការណ៍ចូលរួមតាមដានការប្រលងនេះផងដែរ។
ការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងបានប្រើប្រាស់គណៈមេប្រយោគចំនួន ៣១,១០៨នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន ១៥,៨០០នាក់ និងដំណាក់កាលអត្រាកំណែ ១៤,៤០០នាក់។ នៅឆ្នាំនេះដែរ ក៏មានការចូលរួមពី អ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយជាង ៦ពាន់នាក់។
បើតាមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង កាលពីពេលថ្មីៗនេះ បានប្រកាសថា អ្នកសង្កេតការណ៍ស្ម័គ្រចិត្តសម្រាប់ការប្រលងបាក់ឌុបឆ្នាំ២០១៨នេះ មានជាង ៦ពាន់នាក់ ដែលកើនឡើងជាង ៥០០នាក់ បើធៀបនឹងឆ្នាំមុន ខណៈការប្រលងបាក់ឌុបឆ្នាំ២០១៧ មានអ្នកស្ម័គ្រចិត្តសង្កេតការណ៍ជិត ៥ពាន់នាក់ដែលមកពីស្ថាប័នរដ្ឋ អង្គការ មិនមែនរដ្ឋាភិបាល និងវិស័យឯកជន។
បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានអះអាងថា សម្រាប់ការប្រលងនេះ ទោះបីជាមានបេក្ខជនប្រលងជាប់មានចំនួនតិចក្តី ក៏ក្រសួងមិនមានការប្រឡងជាលើកទី២ ដូចឆ្នាំ២០១៤នោះទេ ។ ក្រសួងចំណាចថវិកាជិត ៥លានដុល្លារ សម្រាប់ការប្រឡងនេះ។ សម្រាប់លទ្ធផលនៃការប្រឡងបេក្ខជន ដែលមាន ៥០០ពិន្ទុខ្ពស់បំផុត និងពិន្ទុ ២៣៧ជាប់មធ្យម។
ដើម្បីធានាឲ្យដំណើរការប្រលងនៅឆ្នាំប្រព្រឹត្តទៅដោយល្អប្រសើរ សុក្រិតត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពនោះ ក្រសួងអប់រំ មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ បានដាក់ចេញនូវបម្រាមចំនួន១៦ចំណុចផងដែរ ឲ្យបេក្ខជនគ្រប់គ្រងអនុវត្តន៍។ បម្រាមទាំង ១៦ចំណុចនោះរួមមាន៖
១៖ មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២។
២៖ មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធ ចូលក្នុងមណ្ឌលប្រឡង។
៣៖ មិនត្រូវយកសៀវភៅ និងសំណេឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង។
៤៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅសំណេឯកសារ ប្រដាប់គិតលេខ នាឡិកាដៃ ដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស។
៥៖ មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ។
៦៖ មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ។
៧៖ មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវរើរកសំណេឯកសារ និងសម្ភារផ្សេងៗ ដែលត្រូវហាមឃាត់មិនឲ្យយកចូលក្នុងមណ្ឌលប្រឡង។
៨៖ មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស។
៩៖ មិនត្រូវមិនចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង។
១០៖ មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។
១១៖ មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឲ្យអ្នកដទៃមើល ឬអូសឆក់យកបាន។
១២៖ មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឲ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬលុបនឹងទឹកស ឬសរសេររំលងបន្ទាត់ជាដើម។
១៣៖ មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ។
១៤៖ មិនត្រូវបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឲ្យរបើកជញ្ជាំងក្ដារធ្វើឲ្យបាក់បែកតុ កៅអី ឬក្ដារខៀនជាដើម។
១៥៖ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែម លើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត។
១៦៖ មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយា ដែលនាំឲ្យខូចសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។
សម្រាប់បេក្ខជនដែលមិនព្រមអនុវត្តទៅតាមបម្រាមនៃប្រការទាំង ១៦ចំណុចនេះទេ បេក្ខជនត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៥ ហើយក៏ជាឆ្នាំចុងក្រោយនៃអាណត្តិទី៥របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុបនេះតែម្តង ជាហេតុធ្វើឲ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀនសូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារពេលប្រលងទៀតនោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់ឌុបនេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល។
ខាងក្រោមជាប្រវត្តិសិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រងដ៏តឹងរឹងនាពេល ៤ឆ្នាំកន្លងមក៖
នៅឆ្នាំ២០១៤ បេក្ខជនជាប់និទ្ទេស A មានចំនួន ១១នាក់។
ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A មានចួន ១០៨នាក់។
ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤០៥នាក់។
ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤២៤នាក់ ក្នុងចំណោមបេក្ខជន ៦៣ ៦៦៨នាក់។ ក្នុងនោះ អ្នកជាប់និទ្ទេស A មកពីរាជធានីភ្នំពេញ ១៩៤នាក់ សៀមរាប ៤៧នាក់ កណ្តាល ២៦នាក់ បាត់ដំបង ២៣នាក់ កំពត ២១នាក់ កំពង់ចាម ២០នាក់ ព្រៃវែង ១២នាក់ បន្ទាយមានជ័យ ១២នាក់ កំពង់ឆ្នាំង ១២នាក់ ព្រះសីហនុ ៩នាក់ កំពង់ធំ ៩នាក់ តាកែវ ៨នាក់ ត្បូងឃ្មុំ ៧នាក់ ពោធិ៍សាត់ ៦នាក់ ក្រចេះ ៦នាក់ ស្វាយរៀង ៥នាក់ ព្រះវិហារ ២នាក់ កែប ២នាក់ កំពង់ស្ពឺ ១នាក់ ប៉ៃលិន ១នាក់ និងកោះកុង ១នាក់។
ក្រៅពីអ្នកជាប់និទ្ទេស A នោះដែរ ក៏មានអ្នកជាប់និទ្ទេស B៖ ចំនួន ២៤៦៤នាក់, និទ្ទេស C៖ ចំនួន ៥០០០នាក់, និទ្ទេស D៖ ចំនួន ៩១២៣នាក់ និងនិទ្ទេស E៖ ចំនួន ៤៦៦៥៧នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ កាលពីឆ្នាំ២០១៧៕