(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះមន្រ្តីជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោក ប៉ោ សេដ្ឋា ដែលមានតួនាទីជាប្រធានគណៈកម្មាធិការ ប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសចាកចេញពីគណបក្សមួយនេះ ដោយមិនបញ្ជាក់ពីមូលហេតុ។
នៅក្នុងលិខិតលាចេញរបស់លោក ប៉ោ សេដ្ឋា បានសរសេរថា «ចាប់ពីថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨នេះតទៅ ខ្ញុំសូមប្រកាសលាឈប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ អាស្រ័យហេតុនេះ សូមប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រធានគណបក្ស និងសមាជិក សមាជិកា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ជ្រាបជាព័ត៌មាន»។