(ហ្សាការតា-ឥណ្ឌូនេស៊ី)៖ ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីព្រះអង្គម្ចាស់ Sheikh Ahmad Al-Fahad Al-Sabah និងលោក SER MIENG សមាជិកអូឡាំពិកអន្តរជាតិ បានសម្តែងការអបអរសាទរដែលសម្តេចតេជោ ហុ៑ន សែន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចាត់តាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការថ្លែងអបអរសាទររបស់ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិក បានធ្វើឡើងក្នុងឱកាសជួបសម្ដែងការគួរសមជាមួយលោក ថោង ខុន ប្រធានកីឡាអូឡាំពិកកម្ពុជា និង លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីពិធីបើកមហាសន្និបាតលើកទី៣៧ របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី។
ថ្លែងក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សអូឡាំអាស៊ី និងសមាជិកអូឡាំពិកអន្តរជាតិ សុទ្ធតែបានសំដែងការអបអរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានព្រះមហាក្សត្រចាត់តាំង ជានាយករដ្ឋមន្ត្រីជាថ្មី បន្ទាប់ពីជោគជ័យនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងមក និងបញ្ជាក់ថា នេះជាព័ត៌មានដ៏ល្អបំផុតសម្រាប់លោក។
បន្ថែមពីនេះ ព្រះអង្គម្ចាស់ Sheikh Ahmad Al-Fahad Al-Sabah និងលោក SER MIENG ក៏សុំផ្តាំផ្ញើសួរសុខទុក្ខ និងសូមជូនពរតាមរយៈលោក ថោង ខុន ចំពោះសម្តេចតេជោ ហ៊ុន សែន សូមបន្តទទួលជោគជ័យធំធេងថែមទៀត ក្នុងការដឹកនាំរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ព្រះអង្គម្ចាស់ប្រធានក្រុមប្រឹក្សាកីឡាអាស៊ី ក៏បានកោតសរសើរ និងអរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាអូឡាំពិកតំបន់ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ នៅភ្នំពេញប្រកបដោយជោគជ័យ។
បើតាម លោក វ៉ាត់ ចំរើន ខ្លឹមសារមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីលើកទី៣៧នេះ មានរបៀបវារៈជាច្រើន ក្នុងនោះបានផ្តោតសំខាន់លើការស្តាប់សេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាព នៃការតត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតផ្សេងៗដូចជា៖ 6th Asian Beach Games នៅ Sanya ចិនឆ្នាំ២០២០, 19th Asian Games 2022 នៅ Hangzhou ចិន, 20th Asian Games 2026 នៅ Aichi-Nagoya ជប៉ុន, Tokyo Olympic Games 2020, 2022 Beijing Winter Olympic Games, ANOC World Brach Games 2019 San Diego, USA។
ក្នុងនោះក៏មានការបញ្ចូលប្រភេទកីឡាថ្មី គឺកីឡា Teqball ក្នុងការប្រកួតកីឡាអាស៊ីផងដែរ។ សូមបញ្ជាក់ថា កម្ពុជាកំពុងចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៨ នៅឥណ្ឌូណេស៊ីនេះ មាន១៣ប្រភេទកីឡា និងកីឡាករ ៤៣នាក់៕