(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសថា ពុំមានការផ្សព្វផ្សាយបញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងឡើយ។
ក្រសួងអប់រំបានអំពាវនាវឲ្យបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ទៅពិនិត្យលេខតុ លេខបន្ទប់ នៅតាមមណ្ឌលប្រឡងរៀងៗខ្លួនដោយផ្ទាល់ ដើម្បីដឹងទីតាំងមណ្ឌលប្រឡង បន្ទប់ប្រឡង ជៀសវាងការភ័ន្តច្រឡំ និងយឺតយ៉ាវផ្សេងៗនាថ្ងៃប្រឡងនៅថ្ងៃស្អែកនេះ។
គួរជម្រាបថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ នឹងធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួនសរុប ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕