(ភ្នំពេញ)៖ ក្រសួងធនធានទឺក និងឧតុនិយម នៅរសៀលនេះ បានឲ្យដឹងថា មកដល់ម៉ោង ១៖០០រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១២,២០ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្នដែលមានកម្ពស់ ១៣,៧៥ម៉ែត្រ។
ក្រសួងបានឲ្យដឹងទៀតថា ដោយសារបរិមាណទឹកភ្លៀងដែលបានធ្លាក់បន្ថែម ២ថ្ងៃជាប់គ្នា ក្នុងកម្រិតជាង ៦២មិល្លីម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកសំឡូត បានធ្វើឲ្យទឹកស្ទឹងសង្កែក្រុងបាត់ដំបងហក់ឡើងជាថ្មី។
បើតាមក្រសួងធនធានទឹក និងឧតុនិយម ពេលនេះមន្ត្រីជំនាញកំពុងគ្រប់គ្រងស្ថាភាពជំនន់។ ក្នុងករណីមិនមានភ្លៀងធ្លាក់បន្ថែម ការហក់ឡើងជាថ្មីពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។
គ្រាដែលទឹកជំនន់នៅតាមស្ទឹងសង្កែ ខេត្តបាត់ដំបងហក់ឡើងខ្លាំងនេះ នៅតំបន់ភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺឯណោះវិញ ជំនន់ទឹកភ្លៀងក៏កំពុងវាយលុកផងដែរ៕