(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Verapan Kuansongtham ឯកទេសផ្នែកឆ្អឹងខ្នង និងលោកវេជ្ជបណ្ឌិត Anusak Yiengpruksawan ឯកទេសផ្នែកវះកាត់ នៃមន្ទីរពេទ្យ «បំរុងរ៉ាត់អន្តរជាតិ» ប្រទេសថៃ បានមកកម្ពុជាធ្វើបទបង្ហាញស្តីពី «ស្វែងយល់ពីការច្នៃប្រឌិត ក្នុងយុគសម័យទំនើប៖ បរិបទថ្មី សម្រាប់ការវះកាត់ជំងឺ ដោយមានការឈឺចាប់តិចតួចបំផុត»។
បទបង្ហាញស្តីពីបច្ចេកវិទ្យាទំនើប និងភាពច្នៃប្រឌិត ក្នុងការព្យាបាលជំងឺ ដោយការវះកាត់ខាងលើនេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ។
ថ្លែងនៅក្នុងបទបង្ហាញនោះ លោកវេជ្ជបណ្ឌិត Verapan Kuansongtham បានថ្លែងថា «ចំពោះលក្ខណៈពិសេសដ៏អស្ចារ្យ នៃដៃមនុស្សយន្ត ដែលអាចជួយដល់ការវះកាត់ឆ្អឹងខ្នងនេះ គឺវាអាចផ្តល់ឲ្យក្រុមគ្រូពេទ្យឯកទេសវះកាត់នូវទិន្នន័យច្បាស់លាស់ នៅកន្លែងដាក់វីសនៅឆ្អឹងខ្នង»។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា លើសពីនេះទៅទៀត វាមានរូបភាពជាលក្ខណៈ 3D ដែលធ្វើឲ្យក្រុមវេជ្ជបណ្ឌិត អាចមើលឃើញរូបភាព បានយ៉ាងច្បាស់ល្អ ហើយដៃរបស់មនុស្សយន្តអាចពត់បង្វិល និងផ្លាស់ទី បានដោយសេរី។
បច្ចេកវិទ្យានេះ បានជួយកាត់បន្ថយពេលវេលានៃការវះកាត់ និងការបាត់បង់ឈាមរបស់អ្នកជំងឺ ធ្វើឲ្យអ្នកជំងឺឆាប់ជាសះស្បើយឡើងវិញ ដោយសារតែការវះកាត់នេះ ធ្វើឲ្យមានស្នាមរបួសតូច និងប៉ះពាល់ជាលិកាជុំវិញតិចតួចប៉ុណ្ណោះ។ ដូច្នេះហើយ វាធ្វើឲ្យអ្នកជំងឺឆាប់ជាសះស្បើយ ហើយអាចវិលត្រឡប់ ទៅរកស្ថានភាពល្អប្រសើរដូចដើមវិញបាន។
បច្ចេកវិទ្យារ៉ូបូតនេះ ក៏ជួយឲ្យក្រុមគ្រូពេទ្យវះកាត់ធ្វើផែនការ មុនការវះកាត់ចំពោះស្ថានភាពជំងឺនីមួយៗ បានយ៉ាងល្អប្រសើរណាស់ដែរ ហើយគ្រូពេទ្យអាចធ្វើការវះកាត់ឆ្អឹងខ្នង បានប្រកបដោយប្រសិទ្ធភាព ជាមួយនឹង សុវត្ថិភាពខ្ពស់ និងមានភាពជាក់លាក់ ដែលកាត់បន្ថយការព្រួយបារម្ភ និងការឈឺចាប់របស់អ្នកជំងឺ បានក្នុងកម្រិតយ៉ាងល្អជាទីបំផុត។ នេះជាការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត Verapan Kuansongtham។
លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យរង Somsak Chaovisitsaree នាយកប្រតិបត្តិ និងជានាយកឱសថ នៃមន្ទីរពេទ្យ បំរុងរ៉ាត់ បានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យា មនុស្សយន្តនេះ នឹងរីករាលដាលច្រើន ហើយវានឹងផ្តល់ អត្ថប្រយោជន៍យ៉ាងសម្បូរបែប ដល់វិស័យវេជ្ជសាស្រ្ត។
«ក្នុងនាមជាមន្ទីរពេទ្យឯកជន និងជាអ្នកត្រួសត្រាយផ្លូវក្នុងការ ច្នៃប្រឌិតផ្នែកវេជ្ជសាស្រ្តឈានមុខគេមួយ យើងនៅតែបន្តប្តេជ្ញាលើកកម្ពស់គុណភាព នៃការព្យាបាល និងការរក្សាបានសុខសុវត្ថិភាព ជូនដល់អ្នកជំងឺ ប្រកបដោយស្តង់ដារគុណភាពខ្ពស់ គឺជាអាទិភាពរបស់ពួកយើង»។
«យើងមានបំណងរួមបញ្ចូលជំនាញឯកទេស នៃអ្នកឯកទេសរបស់យើងទាំងអស់ ជាមួយនឹងបច្ចេកវិទ្យាវេជ្ជសាស្ដ្រទំនើបៗ ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការព្យាបាល និងការថែទាំជូនដល់ អ្នកជំងឺទាំងអស់របស់យើង»។ នេះជាគូសការបញ្ជាក់បន្ថែមរបស់ លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យរង។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ការប្រើបច្ចេកវិទ្យាថ្មី ដែលមានលក្ខណៈទំនើបក្នុងការវះកាត់ជំងឺឆ្អឹងខ្នង រួមបញ្ចូលគ្នានូវផ្នែករឹង និងផ្នែកទន់ នៃបច្ចេកវិទ្យារ៉ូបូត គួបផ្សំនឹងក្រុមគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ ក្នុងការធ្វើផែនការ និងការព្យាបាល គឺជាការបរិបទថ្មីមួយទៀត នៅក្នុងវិស័យសុខាភិបាលរបស់ប្រទេសថៃ៕